Volkswagen Group នឹងឈប់លក់ ៦០% នៃឡានប្រើប្រេងសាំង-ម៉ាស៊ូតនៅអឺរ៉ុប ត្រឹមឆ្នាំ ២០៣០

ក្រុមហ៊ុន Volkswagen Group នឹងកាត់បន្ថយ ៦០ ភាគរយនៃជួររថយន្តប្រើម៉ាស៊ីនប្រេងសាំង-ម៉ាស៊ូតរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបត្រឹមឆ្នាំ ២០៣០ ហើយផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ទៅលើរថយន្តប្រភេទ Premium ដែលអាចរកបានប្រាក់ចំណេញកាន់តែច្រើន។

តួលេខខាងលើនេះតំណាងឲ្យការចាកចេញដ៏សំខាន់ពីយុទ្ធសាស្ត្រផ្តោតលើកំណើន ក្នុងប៉ុន្មានទសវត្សកន្លងមក ដែលបានធ្វើឲ្យក្រុមហ៊ុន Volkswagen Group ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅលើពិភពលោក ក្នុងឆ្នាំ ២០១៥ មុនពេលត្រូវបានវ៉ាដាច់ដោយក្រុមហ៊ុន Toyota ម្តងទៀតនៅឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​អាល្លឺម៉ង់​ខាងលើ ដែល​បច្ចុប្បន្ន​មានរថយន្ត​ជាង ១០០ ម៉ូដែល​នៅ​ទូទាំង​ម៉ាក​យីហោ​ទាំងអស់​នោះ បាននិងកំពុង​ចាប់​ផ្តើម​បញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើ​សាំង និង​ម៉ាស៊ូត​រួច​ហើយ ដើម្បី​គាំទ្រ​ដល់​រថយន្ត​ប្រើ​អគ្គិសនី។

ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តថ្មីរបស់ក្រុម Volkswagen Group គឺមិនមែនដោយសារការហាមឃាត់រថយន្តប្រើប្រេងសាំង-ម៉ាស៊ូតនាពេលខាងមុខ នៅក្នុងទីផ្សារភាគខាងលិចធំៗ ទាំងស្រុងនោះទេ ពោលក៏ព្រោះតែកង្វះការផ្គត់ផ្គង់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា កង្វះបន្ទះឈីបជាសកល រួមជាមួយនឹងការកើនឡើងនៃតម្រូវការរថយន្តថ្មី បានអនុញ្ញាតឲ្យម៉ាកល្បីៗដូចជា Mercedes-Benz និង BMW បង្កើនតម្លៃ និងសម្រេចបានប្រាក់ចំណេញកំណត់ត្រាកាលពីឆ្នាំមុន បើទោះបីជាបរិមាណថយចុះក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម