ជាមួយការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗជាច្រើន បានធ្វើឲ្យក្រុមហ៊ុន Volkswagen Group អាចលក់រថយន្តអគ្គិសនីបានច្រើនជាងមុនជិតបីដងនៅឆមាសទីមួយនៃឆ្នាំ២០២១ ដែលមានកំណើនពី ៦៤ ៤៦២គ្រឿងកាលពីឆ្នាំមុន ឡើងមកដល់ ១៧០ ៩៣៩គ្រឿងនៅឆ្នាំនេះ។
ក្នុងនោះ ចំនួន ៧៤,៩% គឺបានមកពីទីផ្សារអឺរ៉ុប ដែលនៅទីនោះ VW Group កាន់កាប់ចំណែកទីផ្សារអគ្គិសនី ២៦% ឯណោះ។ ចំណែក ១០,៨% គឺជាចំនួនលក់មកពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសចិនមានចំណែកត្រឹម ១០,៧% ប៉ុណ្ណោះ។ VW Group សង្ឃឹមថានឹងបង្កើនទំហំទីផ្សារនៅប្រទេសចិនជាមួយរថយន្តអគ្គិសនី ID.6 កៅអីបីជួរ ដែលផលិតជាពិសេសសម្រាប់ប្រទេសចិន។
រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺរថយន្ត Volkswagen ID.4 ដែលលក់បាន ៣៧ ២៩២គ្រឿង ហើយបន្ទាប់មកគឺរថយន្ត Volkswagen ID.3 ដែលលក់បាន ៣១ ១៧៧គ្រឿង និងរថយន្ត Audi e-tron ដែលលក់បាន ២៥ ៧៩៤គ្រឿង។
គួរដឹងថារថយន្តអគ្គិសនី ៥៤,៣% គឺចេញពីម៉ាករថយន្ត Volkswagen ដែលតាមពីក្រោយដោយ Audi ជាមួយចំណែក ១៩,២% ហើយ Porsche មានចំណែក ១១,៦% និងម៉ាក Skoda មានចំណែក ១០,៤% រួមទាំងម៉ាក SEAT មានចំណែក ៣,៦%៕