ក្រុមហ៊ុនរថយន្ត Volvo បានកត់ត្រាកំណើននៃការលក់ប្រចាំខែរយៈពេល ១០ខែជាប់ៗគ្នាហើយ ក្រោយពីបានបិទបញ្ចប់ការលក់ប្រចាំខែមេសាឆ្នាំ២០២១ ជាមួយកំណើននៃការលក់ ៩៧% បើធៀបនឹងខែមេសាឆ្នាំ២០២០។
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ៦២ ៧២៤គ្រឿង ធៀបនឹងចំនួនលក់ ៣១ ៧៦០គ្រឿងកាលពីខែមេសាឆ្នាំមុន។ ហេតុផលចម្បងមួយពីក្រោយកំណើននេះគឺដោយសារការកើនឡើងនូវតម្រូវការច្រើនលើសលប់នៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលទីផ្សារទាំងពីរនេះទើបតែងើបពីវិបត្តិកូវីដ១៩។
ជាក់ស្ដែងនៅទីផ្សារសហរដ្ឋអាមេរិកចំនួនលក់របស់ Volvo មានកំណើន ១៨៥,៥% បើធៀបនឹងខែមេសាឆ្នាំ២០២០ ជាមួយចំនួនលក់ ១១ ០៣៦គ្រឿង ដែលរថយន្តលក់ដាច់ជាងគេគឺម៉ូដែល XC90 និងម៉ូដែល XC60។ ចំណែកទីផ្សារអឺរ៉ុបមានកំណើន ១៧៨% ជាមួយចំនួនលក់សរុប ២៥ ៨១៦គ្រឿង។
ជាចុងក្រោយនៅទីផ្សារប្រទេសចិន Volvo បានបង្កើនចំនួនលក់ជាង ១១% ជាមួយចំនួនលក់ ១៦ ៤៣៥គ្រឿង ដោយរថយន្ត XC60 និង S90 លក់ដាច់ជាងគេ ព្រោះជារថយន្តដំឡើងក្នុងស្រុកផ្ទាល់៕