Volvo ប្រកាសចេញឡានអគ្គិសនី EX90 នៅប្រទេសចិនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី៧កៅអីម៉ូដែល EX90 សម្រាប់ប្រទេសចិន ក្រោយពីបានបង្ហាញរូបរាងរថយន្តនេះម្ដងរួចកាលពីខែវិច្ឆិកានៅឯប្រទេសស៊ុយអែត។

នៅឆ្នាំ២០២៣ រថយន្ត EX90 នឹងផលិតនៅសហរដ្ឋអាមេរិកជាមួយការលក់នឹងធ្វើឡើងជាលក្ខណៈសកលលោក ហើយបន្ទាប់មកនៅឆ្នាំ២០២៤ ការផលិតនៅប្រទេសចិននឹងចាប់ផ្ដើមនៅឯរោងចក្រ Daqing ជារោងចក្រដែលមានផលិតរថយន្តត្រកូល 90។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo EX90 គឺជាប្រភេទអគ្គិសនីនៃរថយន្ត XC90 ដោយវាគឺជារថយន្តអគ្គិសនីទីបីរបស់ Volvo បន្ទាប់ពីរថយន្ត XC40 Recharge និង C40 recharge។

រថយន្តនេះត្រូវបានផលិតលើគ្រោងឆ្អឹង SPA2 ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផ្ដល់កម្លាំងបានចាប់ពី ៤០៧សេះ ដល់ ៥០៣សេះ ទៅតាមប្រភេទនៃរថយន្ត។ វាក៏មានបំពាក់មកជាមួយអាគុយចំណុះ ១១១kWh ដែលអាចបើកបរបានចម្ងាយពី ៤៦៧គ.ម ទៅ ៦០០គ.ម អាស្រ័យទៅតាមប្រភេទផ្សេងគ្នានៃរថយន្ត។

រថយន្ត EX90 ក៏មានគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម៣០នាទី។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម