បន្ទាប់ពីបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មី C40 Recharge រួចហើយ ពេលនេះ Volvo ក៏បានប្រកាសពីទិសដៅអភិវឌ្ឍន៍របស់ខ្លួនសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volvo គឺលោក Hakan Samuelsson បានប្រាប់ Autocar ថាបច្ចុប្បន្ននេះ Volvo មានម៉ូឌែលទាបៗដែលមានតម្លៃថោកជាច្រើន រួមមានទាំងរថយន្តប្រភេទ Sedan និងប្រភេទ Cross Country wagon។
មេដឹកនាំក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតរូបនេះ បានបញ្ជាក់ថាលោកនឹងបញ្ចប់ជីវិតរថយន្តម៉ូឌែលទាបៗ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើម៉ូដែលណាមួយអាចត្រូវបានរក្សាទុកទេ។ ហើយអតិថិជននៅតែអាចទិញរថយន្ត Volvo ម៉ូឌែលទាបៗបាន គ្រាន់តែថាវានឹងមានជំរើសតិចជាងមុន។
ផ្ទុយទៅវិញក្រុមហ៊ុន Volvo នឹងផ្តោតលើការផលិតរថយន្តប្រភេទខ្ពស់ៗ(SUVs) ព្រោះថា ៧៥% នៃការលក់របស់ Volvo គឺជារថយន្តប្រភេទ SUV ។ បច្ចុប្បន្ននេះមានការបញ្ជាក់ព័ត៌មានអំពីរថយន្តប្រភេទ SUV ខ្នាតតូចថ្មីចំនួន ២ គ្រឿងដែលរំពឹងថានឹងចេញលក់នាពេលអនាគតគឺ XC20 និង C20 ។
លើសពីនេះទៀត ក្រុមហ៊ុន Volvo កំពុងតែគិតគូពីផែនការរបស់ខ្លួនក្នុងការផលិតរថយន្តប្រភេទ SUV ដ៏ប្រណីតមួយដែលមានឈ្មោះថា XC100 ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត BMW X7 ឬ Mercedes-Benz GLS ។
បន្ថែមពីនេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្រុមហ៊ុន Volvo នឹងផលិតតែរថយន្តប្រភេទកូនកាត់ (PHEV) និងរថយន្តអគ្គិសនីសុទ្ធ។ យោងតាមផែនការនៅឆ្នាំ ២០៣០ Volvo នឹងលក់តែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ៕