
[បរទេស] ក្រុមហ៊ុនរថយន្ត Voyah ដែលស្ថិតក្រោមក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Voyah Free+ ប្រើថាមពលអគ្គិសនី លាយសាំង EREV ជាមួយតម្លៃលក់ចាប់ពី ៣០ ៦៥០ ដុល្លារ ដល់ ៣៩ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ៤៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៣១៨ គីឡូម៉ែត្រ ពីថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបានចម្ងាយ ១ ៤៥៨ គីឡូម៉ែត្រ អាចសាកបានពី ២០-៨០% ប្រើរយៈពេល ២០ នាទី ។
រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៦០ ម.ម ហើយផ្នែកខាងក្រៅបំពាក់សេនស័រចំនួន ២៩ គ្រាប់ កាមេរ៉ា ១១ ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី ៤ របស់ក្រុមហ៊ុន Huawei ។
ផ្នែកខាងក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Huawei HarmonySpace 5 cockpit system ក៏ដូចជាកុងទ័របង្ហាញលើកញ្ចក់ប្រភេទ AR-HUD ទំហំ ២៩អ៉ីញ និងដំបូលកញ្ចក់ Panoramic sunroof ប្រវែងជិត ២ម៉ែត្រ ៕