Voyah បញ្ចេញរថយន្តអគ្គិសនី EV សាកថ្ម ១៥នាទី ជិះបាន ៥០០គីឡូម៉ែត្រ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Voyah ដែលស្ថិតនៅក្រោមក្រុមហ៊ុន Dongfeng បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Voyah Courage EV ស៊េរីថ្មីចុងក្រោយ បញ្ចូលនៅបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយមានតម្លៃលក់ចាប់ពី ២៧ ៤០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ព្រមទាំងទទួលបានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេលខ្ទង់ ២០នាទី ខណៈសាកថ្មត្រឹម ១៥នាទី អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៤៧២៥ មម ទទឹង ១៩០០ មម កំពស់ ១៦៣៦ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩០០ មម ។ សម្រាប់ផ្នែកខាងក្រៅ បំពាក់សេនស័រសរុប ៨គ្រាប់ កាមេរ៉ាចំនួន ១០គ្រាប់ រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR សម្រាប់ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autopilot system ផងដែរ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់ទៅលើភាពស្ព័រ និងទាន់សម័យ ដោយប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅដៃទ្វារប្រភេទ flush-door ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មិនមានកុងទ័រព័ត៌មាននេះ ប៉ុន្តែជំនួសមកវិញនៅអេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ២៩អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធប្រតិបត្តិការ Huawei Harmony system និងកៅអីស្បែកចុចអូតូ មុខងារខ្យល់ត្រជាក់-ក្តៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម