[ទីផ្សារបរទេស] Volkswagen មានផែនការធំសម្រាប់រថយន្តវ៉ែនអគ្គិសនីសុទ្ធម៉ូដែល ID. Buzz ដោយមានគោលដៅចង់ឲ្យរថយន្តនេះអាចលក់ចេញបានដល់ ១២ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ។
រថយន្ត ID. Buzz បានបង្ហាញចេញកាលពីដើមខែមីនា ដែលមានរយៈពេលប្រមាណ៥ឆ្នាំចាប់តាំងពីពេលដែលវាបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជារថយន្ត Concept។ រថយន្តដែលប្រើប្រាស់គ្រោងឆ្អឹង MEB នេះត្រូវបាននាយកប្រតិបត្តិ VW ផ្នែករថយន្តអ្នកដំណើរ រៀបរាប់ថាវាជារថយន្តមួយម៉ូដែលដែលមានសមត្ថភាពអាចក្លាយជារថយន្តលក់ដាច់បំផុតមួយ។
ID. Buzz ប្រភេទធម្មតានឹងចាប់ផ្ដើមដាក់លក់នៅអឺរ៉ុបនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយលក់ដំបូងវានឹងមានផ្ដល់ជូនជម្រើសកៅអីចំនួន៥ ខណៈដែលប្រភេទកៅអី៦ និងកៅអីបីជួរ នឹងត្រូវផលិតនៅពេលក្រោយបន្តបន្ទាប់ទៀត។ ដោយឡែកនៅឆ្នាំ២០២៣ នៅទីផ្សារអឺរ៉ុបដដែលនឹងមានចេញលក់ ID. Buzz ប្រភេទតួខ្លួនវែង ដែលមានកៅអីអង្គុយចំនួន៧។
ម៉ូដែលចេញលក់មុនគេ នឹងមានបំពាក់អាគុយចំណុះ ៨២kWh ជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២០១សេះ និងប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ បន្ថែមពីនេះរថយន្តដែលលក់នៅអឺរ៉ុបក៏នឹងមានមុខងារសាកភ្លើង bi-directional ដែលអាចផ្ដល់ថាមពលអគ្គិសនីត្រឡប់ទៅប្រភពវិញបាន៕