[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Alphard និង Toyota Vellfire ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ Minivan ដែលផ្តោតលើភាពកាន់តែទំនើប ប្រណិតជាងមុន និងរឹងមាំជាងមុនសម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៣៨ ០៤៦ ដុល្លារ ដល់ ៦១ ៤៣៧ ដុល្លារសម្រាប់ Alphard និងមានតម្លៃចាប់ពី ៤៦ ១៦៥ ដុល្លារ ដល់ ៦២ ៨៧០ ដុល្លារសម្រាប់ Vellfire ។
រថយន្តប្រភេទ Minivan ទាំង២នេះ ស្ថិតនៅក្នុងជំនាន់ទី៤ ប្រើប្រាស់នៅគ្រោងឆ្អឺង GA-K platform ចុងក្រោយបង្អស់ដែលផ្តល់នៅភាពរឹងមាំជាងជំនាន់មុនដល់ទៅ ៥០% ក៏ដូចជាកាត់បន្ថយសំលេងរំខាងចូលទៅផ្នែកខាងក្នុងបានយ៉ាងល្អ និងបានបំពាក់ប្រព័ន្ធទប់លំនឹង MacPherson suspension នៅផ្នែកខាងមុខ និងបានធ្វើឲ្យប្រសើរនៅប្រព័ន្ធ double wishbone នៅផ្នែកខាងក្រោយធ្វើឲ្យការបើកបរកាន់តែរលូតមួយកម្រិតថែមទៀត ។
រថយន្តទាំង ២ នេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៩៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តទាំង២ បានប្រើប្រាស់គំនិតនៃការររចនាឲ្យឈ្មោហថា Forceful x IMPACT LUXURY មានការរចនាពិសេសរាងខ្លួន ដោយនៅផ្នែកខាងមុខ មានបំពាក់ប៉ាណាមួយផ្ទាំងធំ ជាប់សងខាងចង្កៀងមុខប្រភេទ LED មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ខណះ Vellfire មានភាពស្ព័រជាងជាមួយកាងបឹតខ្យល់ទំហំធំ ភាពខុសគ្នារវាងទាំងពីរត្រូវគឺនៅផ្នែងក្រោយ ទាក់ទងទៅនឹងចង្កៀង និងកាង ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់ផាសុកភាព ប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណះពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កៅអីស្រោបដោយស្បែក និងប្រភេទ Captain seat នៅជួរទី២ ដែលរួមបញ្ចូលមុខងារដ៏សំបូរបែប ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៥ ចំនុច និងដំបូលកញ្ចក់ Panoramic moonroof ដាច់ដោយឡែកដើរដោយថាមពលអគ្គិសនីជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទាំង ២ នេះ មានមកជាមួយជម្រើសម៉ាស៊ីនដូចជា
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំង ១៨០ សេស និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT សម្រាប់ Toyota Alphard
- ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥ សេស និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ សម្រាប់ Vellfire
- ម៉ាស៊ីនកូនកាត់ Toyota hybrid system ដំណើររួមគ្នាជាមួយម៉ាស៊ីនសាំងចំណុង ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៤៧ សេស ភ្ជាប់ដោយប្រអប់លេខ e-CVT សម្រាប់ម៉ូដែលទាំង២ និងម៉ាស៊ីន plug-in hybrid នឹងមានមកជាណពេលខាងមុខផងដែរ ។