ក្រុមហ៊ុនរថយន្ត Wuling ដែលល្បីឈ្មោះតាមរយៈរថយន្តអគ្គិសនីខ្នាតតូច Hong Guang EV ដែលមានតម្លៃធូរថ្លៃនោះ ពេលនេះបានបង្ហាញចេញរថយន្ត SUV ថ្មីមានឈ្មោះថា Asta ជាមួយតម្លៃលក់ខ្ទង់ជាង១ម៉ឺនដុល្លារនៅប្រទេសចិន។
រថយន្ត Wuling Asta នេះមានទំហំប្រវែង៤៥៩៤ម.ម ទទឹង១៨២០ម.ម កម្ពស់១៧៤០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ២៧៥០ម.ម ដែលទំហំនេះគឺប្រហាក់ប្រហែលនឹងរថយន្ត Chevrolet Equinox ដែរ។
នៅផ្នែកខាងក្នុងមានប្រើប្រាស់រចនាបថពីរពណ៌ ដោយមានអេក្រង់កម្សាន្តទំហំ១០,២៥អ៊ីញ, មានកុងទ័រប្រភេទឌីជីថល, មានភ្លើងពណ៌ខាងក្នុង និងមានប្រើប្រាស់ឈើលើផ្នែកមួយចំនួន ហើយថែមទាំងមានដំបូលកញ្ចក់ដ៏ធំផងដែរ។
Wuling Asta ដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៤៥សេះ ដែលមានជម្រើសប្រអប់លេខដៃ ឬប្រអប់លេខស្វ័យប្រវត្តិ។ ចំពោះតម្លៃលក់នៅប្រទេសចិនគឺមានចាប់ពីប្រមាណ ១០ ៩៧៤ដុល្លារ ដល់ប្រមាណ ១៥ ៤៣៤ដុល្លារ៕