
បន្ទាប់ពីមានការរចែកចាយនូវរូបភាពជាច្រើន ពេលនេះ ក្រុមហ៊ុន XPeng ផ្ទាល់បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្តអគ្គិសនី XPeng P7 ជំនាន់ទី ២ របស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ ជាមួយតម្លៃចាប់ពី ២៨ ០០០ដុល្លារ ដល់ ៤២ ០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ០១៧ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់ ៣ ០០៨ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ៣៦១សេះ
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៥៨៦សេះ
លើសពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំធំ ៧៤,៩ និង ៩២,២គីឡូវ៉ាត់ម៉ោង ផងដែរ និងអាចបើកបរបានចម្ងាយដល់ទៅ ៨២០គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង។
ក្នុងនោះ ចំពោះការរចនារបស់ XPeng P7 ជំនាន់ទី ២ នេះ គឺមានការរចនាតួខ្លួនបែប fastback ស្រដៀងនឹងរថយន្តរបស់ Tesla ដែរ ពោលគឺបានភ្ជាប់មកជាមួយ spoiler ប្រភេទអគ្គិសនី អាចបើក-បិទដោយស្វ័យប្រវត្តិ មានចង្កៀងមុខ-ក្រោយ LED ថ្មី រចនាជុំវិញផ្នែកខាងមុខ និងខាងក្រោយនៃរថយន្ត មានជម្រើសថាសកង់ទំហំ ២០ និង ២១អ៊ីញ រចនាថ្មី និងបំពាក់មកជាមួយទ្វារស្លាបប្រភេទបើកឡើងលើដែលដំណើរការដោយអគ្គិសនីជាដើម។
ចំពោះផ្នែកខាងក្នុងវិញ XPeng P7 នឹងទទួលបាននូវប្រព័ន្ធជំនួយការបើកបរដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលដំណើរការដោយបន្ទះឈីប Orin-X របស់ក្រុមហ៊ុន Nvidia និងប្រព័ន្ធកាមេរ៉ា/រ៉ាដាដល់ទៅ ២៧ ចំណុច ឯណ្ណោះ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕