Xpeng G9 ស៊េរីឆ្នាំ ២០២៤ សាកភ្លើងពេញម្តងជិះបាន ៧០០ គីឡូម៉ែត្រជាង បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Xpeng G9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ដ៏ប្រណិត មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣៦ ២០០ ដុល្លារ ដល់ ៤៩ ៣០០ ដុល្លារនៅក្នុងប្រទេសចិន និងគ្រោងមានលក់ទីផ្សារអឺរ៉ុបមួយចំនួននៅឆ្នាំ ២០២៤ ។

Xpeng G9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEPA platform មានប្រវែងតួខ្លួនសរុប ៤ ៨៩១ ម.ម ទទឹង ១ ៩៣៧ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៩៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា X-Bot Face 3.0 ជាមួយប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម។ លើសពីនេះ ក៏បានបំពាក់ សេនស័រ កាមេរ៉ាមួយជុំរថយន្តសរុបដល់ទៅ ៣១ ទីតាំងឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ Xpeng អះអាងថា រថយន្តនេះមានទាបបំផុត បើទោះបីបើកបរល្បើនលឿនក៏ដោយ និងនៅលើតាប្លូមានអេក្រង់ភ្លោះទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ព្រមទាំងកៅអីស្រោបដោយស្បែកប្រភេទ Nappa ជាមួយមុខងារខ្យល់-កំដៅផងដេរ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងដ៏ប្រណិត ២៩ ចំនុច និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។

ទាក់ទងនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ២០% ទៅ ៨០% ត្រឹមរយៈពេល ២០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម