Xpeng P7+ ស៊េរីឆ្នាំ ២០២៦ ប្រកាសចេញជាផ្លូវការ មានតម្លៃក្រោម ៣ មុឺនដុល្លារប៉ុណ្ណោះ

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Xpeng P7+ ស៊េរីឆ្នាំ ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ២៦ ៧០០ដុល្លារ ដល់ ២៨ ៤១០ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនារបស់រថយន្ត Xpeng P7+ ស៊េរីឆ្នាំ ២០២៦ នេះ គឺត្រូវបានធ្វើឱ្យប្រសើរឡើងចំនួនដល់ទៅ ១០៤ ចំណុចឯណ្ណោះ បើប្រៀបធៀបនឹងជំនាន់មុន។ ក្នុងនោះ វាមានប្រវែង ៥ ០៧១ មម ទទឹង ១ ៩៣៧ មម កម្ពស់ ១ ៥១២ និងប្រវែងគម្លាតកង់ ៣ ០០០ មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ រថយន្តនេះ ក៏ទទួលបាននូវអេក្រង់ LCD ទំហំ ៨,៨អ៊ីញ,​ អេក្រង់ HUD ទំហំ ២៩ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសម្លេងចំនួន ២០ចំនុច,​ ប្រព័ន្ធកាប៊ីន AIOS 6.0 ដែលមានការរចនា “Driving Light” ថ្មីស្រឡាង និងថាសកង់ទំហំ ២០ អ៊ីញផងដែរ។

ទាក់ទងនឹងផ្នែកថាមពលវិញ Xpeng P7+ ស៊េរីឆ្នាំ ២០២៦ ដំណើរការដោយ៖

  • ប្រភេទអគ្គិសនីលាយសាំង (EREV)៖ ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ២៤១សេះ។ វាប្រើប្រាស់នូវថ្មទំហំ ៤៩,២គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៤៣០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥៥០គីឡូម៉ែត្រ។
  • ប្រភេទអគ្គិសនីសុទ្ធ (BEV)៖ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១សេះ និង ៣០៨សេះ។ វាប្រើប្រាស់នូវថ្មទំហំ ៦១,៧ និង ៧៤,៩គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៧២៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម