កាន់តែដល់កហើយ! Hyundai និង Kia ជំពាក់ឡានអតិថិជនដល់១លានគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Hyundai និង Kia បូកបញ្ចូលគ្នាបានជំពាក់រថយន្តចំនួន ១លានគ្រឿង សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទិញរថយន្ត ដោយសារតែបញ្ហាមួយចំនួនរួមមានវិបត្តិខ្វះឈីបសកល, ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការបិទរោងចក្រ​នៅប្រទេសចិនដោយសារការផ្ទុះជំងឺកូវីដ១៩រលកថ្មីជាដើម។

កាលពីដើមឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនទាំងពីរបានជំពាក់រថយន្តអតិថិជនត្រឹម ១០ម៉ឺនគ្រឿងប៉ុណ្ណោះ ប៉ុន្តែតួលេខបានកើនឡើង​លើស​ពី ៥០ម៉ឺនគ្រឿង នៅក្នុងខែមីនាឆ្នាំ២០២២នេះ។ បញ្ហានៃការផ្គត់ផ្គង់រថយន្តជូនអតិថិជននេះបានក្លាយជាឧបសគ្គដ៏ធំ​សម្រាប់​ផែនការនៃការលក់រថយន្តឲ្យបាន ៧,៤៧លានគ្រឿង របស់ Hyundai និង Kia នៅក្នុងឆ្នាំ២០២២នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាតួលេខនៃរថយន្តដែលជំពាក់អតិថិជន គឺមានទំហំស្មើនឹង ១៥% នៃចំនួនលក់របស់ Kia និង Hyundai នៅពេញ​មួយ​ឆ្នាំ២០២១ ដែលឆ្នាំមុននេះក្រុមហ៊ុនទាំងពីរលក់រថយន្តបានសរុប ៦,៦៦លានគ្រឿង។

បញ្ហានៃការផ្គត់ផ្គង់នេះបានធ្វើឲ្យអតិថិជនដែលទិញរថយន្ត Kia Carnival ត្រូវធ្វើការរង់ចាំ​ប្រមាណពី ៨ខែ​ ទៅ ១១ខែ ទើបទទួលបានរថយន្ត ខណៈដែលអ្នកទិញ Kia Sorento និង Sportage Hybrid ត្រូវរង់ចាំរយៈពេល១៨ខែ។

ម៉ូដែលរថយន្ត Genesis ឯណោះក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកទិញរថយន្ត GV60 និង GV70 ត្រូវរង់ចាំរយៈពេល១២ខែ ខណៈដែលអ្នកទិញរថយន្ត Hyundai Ioniq 5 និង Porter EV វិញគឺត្រូវរង់ចាំរយៈពេល១២ខែដូចគ្នា។

គួរដឹងថាវិបត្តិខ្វះខាតឈីបសកលត្រូវបានគេរំពឹងថានឹងបន្តរយៈពេលពេញមួយឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AutoForecast Solutions បាន​និយាយថា​ការផលិតរថយន្តជាសកលគឺឃើញថាមានការពន្យារពេលការផលិតរថយន្ត ១,៣៤លានគ្រឿងទៅហើយដោយសារតែវិបត្តិនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម