ការលក់ឡាននៅវៀតណាម បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៦ខែ

ការលក់រថយន្តនៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៩ ៧៩៧ គ្រឿងកាលពីខែមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមេសា ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីគម្លាតសង្គមដ៏យូរ។

នេះគឺជាការកើនឡើងនៃការលក់ប្រចាំខែទី២ ជាប់ៗគ្នា បន្ទាប់ពីខ្សែសង្វាក់ធ្លាក់ចុះ ៥ខែ ពីខែមេសា ដល់ ខែសីហា នៅពេលដែលរលកកូវីដ១៩ ទី៤ បានវាយប្រហារប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association ដែលហៅកាត់ថា VAMA។

គួរឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូង ការលក់សរុបបានកើនឡើងដល់ ២១៨ ៧៣៤ គ្រឿង ពោលគឺកើនឡើងជិត ៣ ភាគរយធៀបនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ក្រុមហ៊ុន Truong Hai Auto (Thaco) បានបន្តនាំមុខការលក់ជាមួយនឹងចំនួន ៧៥ ៦០៤ គ្រឿងក្នុងរយៈពេលនោះ កើនឡើង ៦,៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ​ក្រុមហ៊ុន Toyota បានតាម​ពីក្រោយ​ដោយ​មាន​ចំនួន ៤៥ ១៣១ គ្រឿង ធ្លាក់​ចុះ ៩,៦ ភាគរយ ខណៈក្រុមហ៊ុន Mitsubishi, Ford និង Honda បានឈរនៅលើតារាងកំពូលទាំង៥។

កាលពីខែតុលា ម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ គឺ Hyundai Accent ដែលមានចំនួន ៣ ៣៤៦ គ្រឿង បន្ទាប់មកគឺរថយន្តភីកអាប់ Ford Ranger៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម