ក្រុមហ៊ុន Honda វិនិយោគទឹកប្រាក់ច្រើនជាង ៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co., Ltd. (China) Investment Co., Ltd. ដែលជាក្រុមហ៊ុន Honda នៅក្នុងប្រទេសចិន បានធ្លើការប្រកាសនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ដោយបានវិនិយោគរួមគ្នានៅក្នុងរោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនី EVs នៅក្នុងប្រទេសចិន។

រោងចក្រ Honda ថ្មីនៅក្នុងប្រទេសចិននឹងផលិតតែរថយន្តអគ្គិសនី ហើយត្រូវបានសាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្វាងចូវ ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤ ក្រោមផ្ទៃដីដ៏ធំ ដោយមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១២០ ០០០ គ្រឿង ជាមួយនឹងទឹកប្រាក់វិនិយោគដែលរំពឹងទុកច្រើនជាង ៥ ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Honda មានបំណងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដូចជាថាមពលកកើតឡើងវិញ ការផលិតថាមពលដើរដោយព្រះអាទិត្យ រួមទាំងការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការផលិត ដើម្បីធ្វើឲ្យរោងចក្រនេះជារោងចក្រផលិតរថយន្តអគ្គិសនី ជាមួយនឹងការបញ្ចេញកាបូនទាបប្រកបដោយប្រសិទ្ធភាព និងឆ្លាតវៃ។

ក្រុមហ៊ុន Honda គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ១០ ក្រោមម៉ូដែល “e:N” នៅក្នុងប្រទេសចិននៅឆ្នាំ ២០២៧។ រោងចក្រថ្មីនេះមិនត្រឹមតែជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងផ្សព្វផ្សាយផលប័ត្រផលិតផលអគ្គិសនីរបស់ខ្លួន ដោយចូលរួមជាមួយក្រុមហ៊ុន Guangqi Honda និង Dongfeng Honda ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម