ប្រទេសកម្ពុជាកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវដាក់នូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ អាជីវកម្ម, រោចក្រ, សហគ្រាស និងសាលារៀនជាច្រើន ត្រូវបានផ្អាកដំណើរការដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩។ នៅតាមតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញ គឺកំពុងមានការខ្វះខាតនូវស្បៀងអាហារផ្សេងៗដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។
ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការរបស់បុគ្គលិករបស់ខ្លួនកំឡុងពេលស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន TF Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូលរថយន្ត MG, Maxus និង ម៉ូតូ Royal Enfield បានឧបត្ថម្ភអង្ករដល់បុគ្គលិករបស់ខ្លួនក្នុងម្នាក់ទទួលបានអង្ករ ៥០គីឡូ ដើម្បីជួយសម្រាលបន្ទុក ក៏ដូចជាជួយដោះស្រាយជីវភាពក្នុងអំឡុងពេលបិទខ្ទប់ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះគឺជាការរួមចំណែកមួយដើម្បីកាត់បន្ថយការចំណាយរបស់បុគ្គលិក និងកាត់បន្ថយការចេញទៅក្រៅដើម្បីទិញអង្ករឬម្ហូបអាហារ។
ក្នុងការឧបត្ថម្ភអង្ករនេះផងដែរ លោក ពុំ សូរិយា ប្រធានប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា៖ “ការផ្តល់ជូនអំណោយនេះ គឺជាផ្នែកមួយដើម្បីជួយសម្រាលបន្ទុករបស់បុគ្គលិករបស់ខ្លួន អំឡុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។” ហើយលោកបានបន្ថែមទៀតថា “យើងនឹងរួមគ្នាអនុវត្តនិងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីឲ្យព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខដើម្បីឲ្យអ្វីៗអាចត្រលប់ទៅកាន់ភាពប្រក្រតីវិញ”។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន TF Motors Cambodia ក៏បានឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួនដូចជា: តង់ចំនួន៥០, ធុងទឹកកក, បង់បិតដំបៅ, ទឹកសម្លាប់មេរោគ, ទឹកសុទ្ធ១០០កេស, និងថវិការមួយចំនួនជូន ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈ ព្រមទាំងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោរ ដើម្បីចូលរួមយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ៕