
ក្រុមហ៊ុន Voyah ដែលជាម៉ាករថយន្តថាមពលថ្មីលំដាប់ខ្ពស់ក្រោមក្រុមហ៊ុន Dongfeng Motor Corporation បានដាក់បង្ហាញជាផ្លូវការនូវរូបភាពដំបូងនៃរថយន្ត SUV កំពូលថ្មីរបស់ខ្លួន មានឈ្មោះកូដ Taishan ដើម្បីប្រជែងជាមួយ Zeekr 9X។
រថយន្ដម៉ូឌែលថ្មីនេះនឹងមានប្លង់កៅអីចំនួន៦ និងដំណើរការដោយប្រព័ន្ធ hybrid ដ៏ឆ្លាតវៃរបស់ Voyah។ រថយន្ដនេះនឹងត្រូវបានបំពាក់មកជាមួយអាគុយលីចូមបីស្រទាប់ (ternary lithium battery) ទំហំ ៦៥ kWh ស្តង់ដារផ្តល់ចម្ងាយផ្លូវដោយអគ្គិសនីសុទ្ធបាន ៣៧០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ហើយនៅពេលប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយសរុប ១៤០០គីឡូម៉ែត្រ។ Voyah Taishan ក៏គាំទ្រការសាកថ្មលឿនបំផុត 5C ដែលអនុញ្ញាតឲ្យសាកថ្មពី ២០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ។
បន្ថែមពីនេះរថយន្ត SUV ថ្មីនេះក៏នឹងបំពាក់នូវឧបករណ៍ចាប់សញ្ញា LiDAR ចំនួនបួន ដែលរួមបញ្ចូលជាមួយប្រព័ន្ធ Huawei Qiankun ADS 4 ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធបូម air suspension និង rear-wheel steering។ នៅផ្នែកចំហៀង រថយន្ត Voyah Taishan រចនាមជាមួយពណ៍ two-tone មើលទៅកាន់តែស្រស់ស្អាតនិងប្រណីត។ លក្ខណៈពិសេសបែបប្រណិឲីតៗផ្សេងទៀត រួមមានដងចាប់ទ្វាររាងស្ទ្រីមឡាញ (streamlined) និងកន្លែងឈ្នាន់ជើង បែប (wing-style welcome pedals)។
ទោះបីជាឈ្មោះផ្លូវការរបស់វាមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែយោងតាមព័ត៌មានពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា រថយន្ដនេះអាចនឹងមានឈ្មោះថា Voyah 9L Taishan នៅពេលដាក់លក់នៅលើទីផ្សារ។ រថយន្ដម៉ូឌែលកំពូលថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងជាមួយម៉ូដែលលំដាប់ខ្ពស់ដទៃទៀតដូចជា Aito M9 និង Zeekr 9X។ យោងតាមគេហទំព័រ CarNewsChina បានប៉ាន់ស្មានថា តម្លៃរបស់វាអាចនឹងចាប់ផ្តើមពីប្រហែល ៤៥០ ០០០ យ័ន ឬស្មើនិងប្រមាណ ៦២ ០០០ដុល្លារ៕