ក្រុមហ៊ុនវៀតណាម Vingroup ចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយឡាន តម្លៃ ១៧៤លានដុល្លារ

ក្រុមហ៊ុនវៀតណាម Vingroup បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្ត តម្លៃ ១៧៤លានដុល្លារ នៅខេត្ត Ha Tinh ប្រទេសវៀតណាម។

រោងចក្រ VinES ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច Vung Ang Economic Zone នឹងមានសមត្ថភាពផលិតអាគុយរថយន្តចំនួន ១០០ ០០០កញ្ចប់ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទីមួយ និងមួយលានគ្រឿងនៅក្នុងដំណាក់កាលទីពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រោងចក្រនេះនឹងដំណើរការដោយគ្រឿងយន្ត ៨០ ភាគរយ។ វាគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Vingroup ក្នុងការធ្វើឲ្យ VinFast ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសកល។

“យើងបាន និងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូពិភពលោកដ៏មានកិត្យានុភាពជាច្រើន ដូចជា សហរដ្ឋអាមេរិក អ៊ីស្រាអែល តៃវ៉ាន់ និងចិន ដើម្បីស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្ត បច្ចេកវិទ្យាអាគុយទំនើបបំផុត ដូចជា ការសាកអាគុយល្បឿនលឿនដ៏ទំនើប និង អាគុយ solid-state battery” ។ នេះបើតាមសម្តីលោក Viet Quang អនុប្រធានក្រុមហ៊ុន Vingroup។

ក្រុមហ៊ុន VinFast កំពុងធ្វើការជាមួយដៃគូជាច្រើនសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី រួមទាំង StoreDot, Gotion High-Tech និង ProLogium ហើយក៏កំពុងផ្តោតលើ ការស្រាវជ្រាវ និងអភិវឌ្ឍផ្ទៃក្នុង ហើយកំពុងបង្កើតកន្លែងស្រាវជ្រាវដើម្បីអភិវឌ្ឍអាគុយ និងបច្ចេកវិទ្យាសាកភ្លើងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម