វីដេអូបង្ហាញអំពីការប្រកួតសមត្ថភាពអូសទាញរវាងរថយន្ត Tesla Cybertruck ដែលជារថយន្តភីកអាប់អគ្គិសនី ជាមួយនឹងរថយន្តភីកអាប់ Ford F-150 ត្រូវបានលោក Elon Musk នាយកប្រតិបត្តិ Tesla បង្ហាញចេញ អំឡុងពេលប្រកាសចេញរថយន្តភីកអាប់អគ្គិសនីខ្លួន។
នៅពេលនេះអនុប្រធានរបស់ក្រុមហ៊ុន Ford X ដែលជាក្រុមហ៊ុនសាខាមួយរបស់ Ford បានឆ្លើយតប និងបានឲ្យលោក Elon Musk ផ្ញើរថយន្ត Cybertruck មួយគ្រឿងដល់ក្រុមហ៊ុន Ford ដើម្បីបង្កើតនូវការប្រកួតដ៏ស្មើភាពមួយ។
ការឆ្លើយតបនេះក្រោយពីគេយល់ឃើញថា ការប្រកួតរវាង Cybertruck និង F-150 ជាការប្រកួតមិនស្មើភាពមួយ ព្រោះថា Cybertruck ដែលយកប្រកួតគឺជាប្រភេទប្រើប្រព័ន្ធបើកបរប៉ុង ២ (AWD) ចំណែក Ford F-150 ទំនងជាប្រភេទប្រើប្រព័ន្ធប៉ុង ១ (RWD)។
លោក Elon Musk ក៏បានឆ្លើយតបទៅកាន់អនុប្រធាន Ford X វិញ ដោយនិយាយថា ៖ “Bring it on” ដែលមានន័យថា “មិនខ្លាចទេ”។ រង់ចាំតាមដានទាំងអស់គ្នាថានឹងមានអ្វីកើតឡើងតទៀត រវាងក្រុមហ៊ុនទាំងពីរ៕