ក្រុមហ៊ុនផលិតរថយន្តជប៉ុន តែងតែទុករថយន្តមួយចំនួនសម្រាប់លក់តែនៅក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងដូចជារថយន្ត Daihatsu ម៉ូដែល Boon Style នេះអីចឹង។
រថយន្តប្រភេទ Hatchback ខ្នាតតូច Daihatsu Boon Style ឬគេហៅថា Daihatsu Sirion ឬម្យ៉ាងទៀតថា Toyota Passo ត្រូវបានដាក់លក់តែនៅក្នុងទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។
វាមានរូបរាងតូចច្រឡឹង ជាមួយនឹងការរចនាគួរឲ្យស្រលាញ់ រួមទាំងមានពណ៌ផ្កាឈូកគួរឲ្យទាក់ទាញ ហៅថា Juicy Pink Metallic។ វាបានបំពាក់យ៉ាន់អាលុយមីញ៉ូម ទំហំ ១៤ អ៊ីញ ជាមួយនឹងអំពូលកាត់អ័ព្ទប្រភេទ LED ទៀតផង។
រថយន្ត Daihatsu Boon Style នេះបានបំពាក់ម៉ាស៊ីនសាំង ដែលមានកម្លាំង ៦៨ សេះ អាចបើកបរដល់ល្បឿនអតិបរមា ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
វាផ្តល់នូវជម្រើសប្រព័ន្ធបើកបរប៉ុងមួយ FWD ដែលមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៣,៦ លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ១៣ ៥០០ ដុល្លារ និង ប្រភេទប៉ុង ២ AWD មានកម្រិតស៊ីសាំងជាមធ្យម ៤,១ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ១៥ ០០០ ដុល្លារនៅលើទីផ្សារប្រទេសជប៉ុន៕