Huawei បញ្ចេញ Maextro S800 ប្រភេទ EREV ចាក់សាំងពេញអាចបើកបរបានខ្ទង់ ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Maextro S800 ដ៏ប្រណិត ប្រភេទ EREV ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត JAC ជាមួយតម្លៃលក់ចាប់ពី ១៣ ម៉ឺនដុល្លារ ដល់ខ្ទង់ ២០ម៉ឺនដុល្លារ នៅប្រទេសចិន ។

Maextro S800 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ម៉ូទ័រអគ្គិសនី ២ និងម៉ូទ័រអគ្គិសនីចំនួន ៣ ផ្គួបជាមួយអាគុយទំហំ ៦៣,២៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣១ គីឡូម៉ែត្រពីថាមពលអគ្គិសនី និងចាក់សាំងពេញអាចបើកបរបានខ្ទង់ ១ពាន់គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Turing platform ជំនាន់ទី ២ មានប្រវែងតួខ្លួនសរុប ៥ ៤៨០ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានពិថានដំបូលដែលហៅថា starry sky roof ស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce ព្រមទាំងគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងតម្លៃថ្លៃ និងរំពឹងថាបំពាក់អេក្រង់ touchscreen ចំនួន ៣ ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Huawei ។ លើសពីនេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម