[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តគំរូ Honda e:N2 Concept នៅក្នុងប្រទេសចិន។
Honda e:N2 Concept គឺជារថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងសម្រាប់គ្រួសាររថយន្តអគ្គិសនី e:N Series ។ ការរចនាផ្នែកខាងក្រៅនៃ Honda e:N2 Concept ត្រូវបានរចនាឡើងខុសប្លែកពីរថយន្ត Honda ផ្សេងទៀតនាពេលបច្ចុប្បន្ននេះ ដោយចង្កៀងមុខត្រូវបានរចនាឡើងជារាងអក្សរ H អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈដែលរូបរាងខាងក្រោយមានចង្កៀងរាងអក្សរ H ធំដូចគ្នាទៅនឹងផ្នែកខាងមុខ ជាមួយឡូហ្គោ HONDA ដែលអាចបញ្ចេញពន្លឺពណ៌ស។
ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាព ភ្ជាប់មកជាមួយដៃចង្កូតដែលត្រូវបានរចនាឡើងរាងជាជ្រុង។ ខណៈ អេក្រង់កណ្តាលដែលត្រូវបានបង្កប់ជាមួយកុងសូលពេលបើកបរទិន្នន័យនឹងបង្ហាញនៅលើកញ្ចក់។ មិនត្រឹមតែប៉ុណ្ណោះ កុងសូលខាងមុខ និងទ្វារក៏ត្រូវបានរចនាឡើងដើម្បីឲ្យមានភ្លើងជុំវិញផ្នែកខាងក្នុង ដើម្បីបង្កើតបរិយាកាសផងដែរ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Motor ក៏បានបន្ថែមថា ក្រុមហ៊ុន Honda គ្រោងនឹងបន្តដាក់ដាក់បង្ហាញរថយន្តអគ្គិសនីជាបន្តបន្ទាប់នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ គំរូ e:N2 Concept ឆ្លុះបញ្ចាំងពីតម្លៃនៃរថយន្តអគ្គិសនី e:N Series ដែលផ្តោតលើការបើកបរអគ្គិសនី ហើយជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្លាស់ប្តូរទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់គំរូរថយន្តអគ្គិសនី Honda e:N2 Concept ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍ International Import Expo 2022 នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ៥ ដល់ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ៕