
បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការនៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំ ២០២៥ ពេលនេះ រថយន្ត SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Deepal គឺ Deepal S09 ទទួលបានការបញ្ជាទិញលើស ២ម៉ឺនគ្រឿង ហើយ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៣ ១០០ ដុល្លារ ដល់ ៤២ ៨០០ដុល្លារ។
គួរឲដឹងថា Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំង ៣០៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៤៨៥ សេះ រួមជាមួយអាគុយទំហំ ៤០,១៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ និង ២២០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយប្រព័ន្ធកាប៊ីន HarmonySpace 5 របស់ក្រុមហ៊ុន Huawei មានអេក្រង់ទំហំ ១៥,៦អ៊ីញ ចំនួន ២ សម្រាប់អ្នកបើកបរ អេក្រង់ HUD ទំហំ ៤៣អ៊ីញ អេក្រង់កម្សាន្តខាងក្រោយទំហំ ២១,៤ អ៊ីញ ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្តគាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ADS 3.3 របស់ Huawei ជាដើម៕