ក្រុមហ៊ុន Blue Oval បានធ្វើការបញ្ចេញនូវរូបភាព និងវីដេអូថ្មីនៃរថយន្ត Ford Ranger ជំនាន់ថ្មី ក្នុងដំណើរការឌីស្សាញ និងការបរិច្ឆេទនៃការបង្ហាញខ្លួនរបស់រថយន្តភីកអាប់សេរ៊ីថ្មី នាថ្ងៃទី ២៤ ខែវិច្ឆិកាខាងមុខ មុនពេលចេញលក់នៅលើទីផ្សារចំនួន ១៨០ប្រទេស។
ក្នុងនោះផងដែរ នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ម៉ូឌែលជំនាន់ថ្មីនេះ ក្រុមហ៊ុន Ford បានខិតខំប្រឹងប្រែងស្វែងយល់ពីអ្វីដែលអតិថិជនខ្លួនចង់បានពីរថយន្តភីកអាប់ ដោយបានធ្វើការសម្ភាស៍ជាមួយម្ចាស់រថយន្តភីកអាប់នានា ជាង ៥ ០០០នាក់។ លើសពីនេះទៀត Ford ក៏បានរៀបចំសិក្ខាសាលាជាមួយម្ចាស់រថយន្ត Ranger នៅជុំវិញពិភពលោក ដើម្បីស្វែងយល់ពីរបៀបដែលពួកគេប្រើប្រាស់រថយន្តភីកអាប់របស់ខ្លួន ក៏ដូចជាការចូលចិត្ត និងមិនចូលចិត្តផងដែរ។
ជាក់ស្តែងក្រុមហ៊ុន Ford បានយកភីកអាប់ជំនាន់ថ្មីនេះទៅធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវទាំងអស់ និងធ្វើតេស្តដំណើរការម៉ាស៊ីន និងភាពបត់បែនរបស់រថយន្ត នៅអាមេរិកខាងជើង និងប្រទេស New Zealand នៅក្នុងសីតុណ្ហភាពក្តៅ និងត្រជាក់ ព្រមទាំងការបើកបរលើវាលខ្សាច់ចម្ងាយ ១០ ០០០គីឡូម៉ែត្រទៀតផង។
សូមបញ្ជាក់ផងដែរថា បើទោះបីជារថយន្តភីកអាប់នេះនឹងបង្ហាញខ្លួននាពេល ៣សប្តាហ៍ខាងមុខទៀតនេះ ប៉ុន្តែក៏មានពាក្យចចាមរ៉ាមបង្ហាញថា លើទីផ្សារអាមេរិចខាងជើង រថយន្តភីកអាប់ខ្នាតមធ្យមនេះនឹងមិនចូលរោងចក្រផលិតរហូតដល់ខែ ឧសភា ឆ្នាំ២០២៣ មុនពេលដាក់លក់នៅខែកក្កដា ឆ្នាំ២០២៣៕