ឡាន Kia ចាក់សាំងមួយលីត្រ ជិះបាន១០០គ.ម ចេញលក់ជាផ្លូវការនៅអង់គ្លេស

[ទីផ្សារបរទេស] រថយន្ត Kia Sportage ថ្មីប្រភេទ Plug-in Hybrid (PHEV) បានប្រកាសចេញលក់ជាផ្លូវការនៅចក្រភពអង់គ្លេស ក្នុងនាមជាប្រភេទដែលសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងគេក្នុងចំណោមរថយន្ត Sportage ទាំងអស់។

រថយន្តថ្មីនេះមានប្រើប្រាស់ម៉ាស៊ីន T-GDi ៤ស៊ីឡាំង ចំណុះ១,៦លីត្រ ដែលដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីដែលមានអាគុយចំណុះ ១៣,៨kWh។ ប្រព័ន្ធ Hybrid នេះអាចផ្ដល់កម្លាំងសរុប ២៦១សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៦,៩វិនាទី និងអាចបើកបរបានដល់ ១៩១គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បាននិយាយថា Sportage Plug-in Hybrid នេះអាចផ្ដល់ជូននូវកម្រិតស៊ីប្រេងឥន្ធនៈគិតរួមបញ្ចូលគ្នាដោយប្រើប្រេងត្រឹមតែ ១,១២លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយវាក៏អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ​ប្រមាណ ៧០គីឡូម៉ែត្រផងដែរ។ អាគុយរបស់រថយន្តនេះអាចសាកភ្លើងពេញដោយចំណាយពេល ១ម៉ោង និង៤៥នាទី ដែលជាល្បឿនសាកដ៏លឿនមួយសម្រាប់រថយន្ត PHEV ដែល Kia បានផលិត។

Sportage Plug-in Hybrid ដែលលក់នៅចក្រភពអង់គ្លេសនឹងមានចែកចេញជាបួនកម្រិតផ្សេងគ្នា ដោយកម្រិតទីមួយ GT-Line មានតម្លៃចាប់ពីប្រមាណ ៥០ ១០០ដុល្លារ និងកម្រិតទីពីរ 3 មានតម្លៃចាប់ពីប្រមាណ ៥១ ៦៧០ដុល្លារ ហើយកម្រិតទីបី 4 មានតម្លៃចាប់ពីប្រមាណ ៥៤ ៥៤០ដុល្លារ ខណៈដែលកម្រិតទីបួន GT-Line S មានតម្លៃចាប់ពី ៥៧ ១៥០ដុល្លារ ដោយអតិថិជននឹងចាប់ផ្ដើមទទួលបានរថយន្តចាប់ពីខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម