កាលពីខែមុន ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ ថ្មី ដែលបានផ្លាស់ប្តូររូបរាងថ្មី ម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើប។ ដោយឡែក អ្នកនឹងត្រូវរង់ចាំយូរទម្រាំរថយន្ត Ford Ranger ជំនាន់ថ្មីបង្ហាញខ្លួន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ford Ranger ជំនាន់ថ្មី នឹងបង្ហាញខ្លួនលឿនបំផុតនៅឆ្នាំ២០២២ ដូច្នេះគេមិនរំពឹងថាស៊េរីឆ្នាំ២០២១ មានការផ្លាស់ប្តូរច្រើនឡើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបង្ហាញថា ក្រុមហ៊ុន Ford នឹងបើកឲ្យកក់រថយន្ត Ranger ឆ្នាំ២០២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ មុនពេលវាចូលរោងចក្រផលិតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
គួរឲ្យដឹងថា Ford Ranger ឆ្នាំ២០២១ នឹងត្រូវផលិតនៅរោងចក្រ Michigan Assembly Plant ជាមួយនឹងរថយន្ត Ford Bronco ឆ្នាំ២០២១៕