ដឹងហើយ! ថ្ងៃប្រកាសចេញឡានអគ្គិសនី Subaru ដំបូងបង្អស់!

ក្រុមហ៊ុន Subaru បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការដាក់បង្ហាញនូវរថយន្ត Crossover អគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Subaru Solterra ឆ្នាំ២០២៣ នៅក្នុងកម្មវិធី Los Angeles Auto Show។

កម្មវិធីតាំងបង្ហាញរថយន្តខាងលើនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ដោយ Subaru Solterra នឹងជារថយន្តអគ្គិសនីតួខ្ពស់ ហើយប្រើប្រព័ន្ធប៉ុងពីរ Symmetrical All-wheel Drive System ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្របពេលដែលក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តអគ្គិសនីនេះ ប៉ុន្តែ Subaru Solterra មានរូបរាងស្រដៀងទៅនឹងរថយន្ត Toyota bZ4X ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ដោយសារតែក្រុមហ៊ុន ក៏ដូចជារថយន្តទាំងពីរម៉ូដែលនេះ ត្រូវបានសហការណ៍ផលិតជាមួយគ្នា។

ជាលទ្ធផល គេរំពឹងថា រថយន្ត Subaru Solterra នឹងប្រើគ្រោងឆ្អឹង TNGA ហើយមានប្រវែងខ្លួន ៤,៦ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ។ ចំណែកឯដំណើរការវិញ គេរំពឹងថាវានឹងប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២១៥សេះ ហើយផ្តល់ចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម