ដើម្បីចុះបញ្ជីរថយន្ត ហេតុអ្វីក្រសួងតម្រូវឲ្យឆៀកជាមុនសិន?

ដើម្បី​ដាក់ពាក្យសុំចុះបញ្ជីយានជំនិះនៅទីតាំងផ្តល់សេវាសាធារណៈ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាន ម្ចាស់​យានជំនិះ​ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។

មូលហេតុដែលតម្រូវឲ្យមានឆៀកនេះ ព្រោះក្នុងករណីពិនិត្យឃើញថាយានជំនិះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសិទ្ធិឲ្យយានជំនិះទាំងនោះ ធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសឲ្យស្របតាមច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ឬបទដ្ឋានបច្ចេកទេស​ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះកាលពីខែមិថុនា ឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថា ឯកសារសម្រាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងនោះសម្រាប់យានយន្តដែលមិនទាន់ចុះបញ្ជី គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត។ នៅពេល​ត្រួតពិនិត្យឃើញចំណុចខូចខាត​ដែលបណ្តាលឲ្យប៉ះពាល់សុវត្ថិភាព​យានជំនិះនៅពេលធ្វើចរាចរណ៍ គឺធ្លាក់កម្រិត២ ដោយមិនត្រូវបានផ្តល់លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះញ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

ក្នុងករណីនេះ ម្ចាស់យានជំនិះ ឬតំណាង តម្រូវឲ្យធ្វើកិច្ចសន្យាជួសជុល​កម្រិត២ និងត្រូវយកយាននោះទៅធ្វើការជួសជុល កែតម្រូវនូវចំណុចខូចខាតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបច្ចេកទេស រួចយកយានជំនិះនោះមកត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញកិច្ចសន្យាបញ្ជាជួសជុលយានជំនិះ ដោយមិនតម្រូវឲ្យបង់កម្រៃសេវាសាធារណៈឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម