រថយន្ត Nissan 370Z បានបង្ហាញខ្លួនតាំងពីអំឡុងឆ្នាំ២០០៨ មកម្ល៉េស ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនដែរ ប៉ុន្តែឥឡូវនេះវាហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពខ្លាំង។
បើយោងតាមរបាយការណ៍នៃចំនួនលក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ ក្រុមហ៊ុន Nissan បង្ហាញថា ខ្លួនបានលក់ដាច់រថយន្ត 370Z ត្រឹមតែ ២៨គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។
បើប្រៀបធៀបទៅ វាលក់បានតិចគ្រឿងជាង ម៉ូដែល GT-R ទៅទៀត ព្រោះម៉ូដែលនេះលក់ដាច់បានដល់ទៅ ៥០គ្រឿងឯណោះក្នុងរយៈពេលដូចគ្នា។
ថ្វីបើរថយន្ត Nissan 370Z មានអាយុកាលរៀងចំណាស់បន្តិចមែន ប៉ុន្តែវាផ្តល់នូវដំណើរការ និងតម្លៃអាចទទួលយកបាន ពោលគឺចាប់ពី ៣០ ០៩០ដុល្លារនៅសហរដ្ឋអាមេរិក ហើយបំពាក់ម៉ាស៊ីនចំណុះ ៣,៧លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ៕