
ប្រសិនបើករថយន្តសុខៗស្រាប់តែលោតចេញសញ្ញាឆេករូបអាគុយ ក្នុងកុងទ័រ គឺវាបង្ហាញពីបញ្ហានៃប្រព័ន្ធសាកភ្លើងដែលដំណើរការមិនស្រួលចេញពីឌីណាម៉ូ និងបញ្ហាអាគុយ។ ដូច្នេះទាំងនេះ គឺជាមូលហេតុ ដែលបណ្តាលឲ្យលោតចេញសញ្ញារូបអាគុយ និងវិធីដោះស្រាយ៖

១. ឌីណាម៉ូខូច ដែលមិនអាចផ្តល់ភ្លើងសម្រាប់រថយន្តទាំងមូល និងសាកអាគុយបានឡើយ។
២. ខ្សែពានរលុង ឬដាច់ ដែលមិនអាចឲ្យឌីណាម៉ូ បង្វិលដល់កម្រិតល្បឿនក្នុងការបង្កើតថាមពលបានឡើយ។
៣. ក្បាលអាគុយរលុង ឬមានច្រេះ ដែលកាត់ផ្តាច់ចរន្តភ្លើងរវាងឌីណាម៉ូ និងអាគុយ។
៤. អាគុយបានខូចតែម្តង ដែលមិនអាចផ្ទុក និងទទួលការសាកភ្លើងពីឌីណាម៉ូទៀតនោះទេ។
៥. ឧបករណ៍គ្រប់គ្រងតង់ស្យុង (Voltage Regulator) បានខូច ដែលមិនអាចគ្រប់គ្រងរក្សាកម្រិតវ៉ុលដែលបញ្ជូនថាមពលទៅអាគុយ បណ្តាលឲ្យមានការសាកភ្លើងចូលច្រើនជ្រុល ឬសាកចូលតិចមិនគ្រប់គ្រាន់។

ក្រៅពីនេះ វាក៏អាចបណ្តាលមកពីការដាច់រហែកខ្សែភ្លើងណាមួយខូចហ្វ៊ុយស៊ីប និងរ៉ឺឡេ ក៏ដូចជាអាចមកពីប្រព័ន្ធ ECU ឬហៅថា បតបញ្ជាជាដើម។
អ៊ីចឹងជាដំណោះស្រាយបន្ទាន់ក្នុងពេលមានបញ្ហានេះកើតឡើង អ្វីដែលត្រូវធ្វើមុនគេនោះគឺ បិទឧបករណ៍ដែលប្រើភ្លើងដូចជា វិទ្យុ ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចដែលមិនចាំបាច់ ដើម្បីកុំឲ្យអាគុយឆាប់អស់ថាមពល។ បន្ទាប់មកទៀត ព្យាយាមបើកទៅស្វែងរកការ៉ាស់ជួសជុលតាមដែលអាចធ្វើបាន ឬទីតាំងដែលមានសុវត្ថិភាព ហើយបើរកមិនទាន់បានទេ កុំទាន់ ពន្លត់ម៉ាស៊ីនរថយន្តឲ្យសោះ ព្រោះវានឹងមិនអាចដេរបញ្ឆេះវិញបានឡើយ៕


















