
រថយន្ត Xpeng P7 ប្រភេទ electric liftback ស៊េរីថ្មីដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ 4WD អាចផលិតកម្លាំង ៥៨៦ សេះ និងមានសមត្ថភាពគណនាថាមពល ២ ២៥០ TOPS បានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនជាផ្លូវការនៅក្នុងប្រទេសចិនជាមួយតម្លៃចាប់ពី ៣០ ៧៣០ដុល្លារ។
រថយន្ត P7 ស៊េរីថ្មីនេះបានក្លាយជាយានយន្តដែលលក់ដាច់បំផុតនៅប្រទេសចិន ដោយទទួលបានការបញ្ជាទិញទុកមុន ១០ ០០០ គ្រឿង ត្រឹមតែរយៈពេល ៧ នាទី ប៉ុណ្ណោះ។ រថយន្ត Xpeng P7 ជំនាន់ទីមួយបានចូលទីផ្សារចិនក្នុងឆ្នាំ ២០២០។ យោងតាមទិន្នន័យពី China EV DataTracker ការលក់សរុបក្នុងស្រុកបានកើនដល់ ១៩០ ៩៣៥គ្រឿង។ រថយន្ត P7 បានក្លាយជាម៉ូឌែលអន្តរជាតិ ដោយបានដាក់លក់ទាំងនៅក្នុងអឺរ៉ុបនិងតំបន់ផ្សេងៗទៀត។ ៥ឆ្នាំក្រោយមក ក្រុមហ៊ុន Xpeng បានចាប់ផ្តើមការលក់រថយន្ត P7 ជំនាន់ថ្មី ដែលបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបជាងមុន និងការរចនាបែបថ្មី។
រថយន្ត P7 ស៊េរីថ្មីនេះគឺជារថយន្ត liftback រាងស្រឡូនដែលប្រើប្រាស់ការរចនាបែប Xmart Face ចុងក្រោយបំផុត។ ផ្នែកខាងមុខរបស់រថយន្តប្រើប្រាស់អំពូល LED រាងស្តើង និងមានឡូហ្គោ Xpeng ដែលមានភ្លើងបំភ្លឺ។ រថយន្តនេះមានរន្ធបញ្ចេញខ្យល់ដែលបិទបើកដោយស្វ័យប្រវត្តិនៅផ្នែកខាងមុខ ដើម្បីជួយសម្រួលដល់ប្រព័ន្ធលំហូរខ្យល់។
លក្ខណៈពិសេសផ្សេងទៀតនៃការរចនារបស់ P7 ជំនាន់ថ្មីនេះរួមមានដំបូលរាងស្រឡូន ដៃទ្វាររាបស្មើ និងបន្ថែមមកជាមួយ spoiler នៅផ្នែកខាងក្រោយ អាចផ្តល់កម្លាំងសង្កត់ចុះក្រោម (downforce) រហូតដល់ ៩០០N នៅពេលបើកបរក្នុងល្បឿន ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត P7 ក៏មានទ្រុងមុខ (front trunk) នៅក្រោមគម្របម៉ាស៊ីន ដែលមានទំហំ ៥៦ លីត្រ ផងដែរ។។ រថយន្តអគ្គិសនីនេះមានមេគុណកកិតជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០,២០១ Cd។
ចូលមកដល់ផ្នែកខាងក្នុង Xpeng P7 បានបំពាក់មកជាមួយ អេក្រង់កណ្តាលទំហំ ១៥,៦ អុីញ អាចបង្វិលបាន ១៥ ដឺក្រេ ទៅឆ្វេង-ស្តាំ និង ១០ ដឺក្រេ ឡើង-ចុះ, អេក្រង់កុងទ័រ LCD ទំហំ ៨,៨ អុីញ និងបន្ថែមមកជាមួយមុខងារ head-up display បង្ហាញរូបភាពជាក់ស្តែងលើកញ្ចក់ទំហំ ៨៧ អុីញ ផងដែរ។ អ្វីកាន់តែពិសេសរថយន្ដនេះបានបំពាក់មកជាមួយ Speaker រហូតដល់ ២៣គ្រាប់។ ចំពោះកន្លែងផ្ទុះឥវ៉ាន់នៅផ្នែកខាងក្រោយមានចំណុះ ៥៧៥ លីត្រ ប៉ុន្តែនៅពេលកៅអីជួរទីពីរត្រូវបានបត់ចុះ ទំហំផ្ទុកសរុបនឹងកើនឡើងដល់ ១៩២៩ លីត្រ។
អ្វីដែលពិេសេសខ្លាំងរថយន្ត Xpeng P7 ថ្មីនេះពឹងផ្អែកជាចម្បងលើកាមេរ៉ាសម្រាប់មុខងារជំនួយការបើកបរ។ កាមេរ៉ាទាំងនោះបញ្ជូនព័ត៌មានទៅកាន់បន្ទះឈីប Turing AI ចំនួន៣ ដែលបង្កើតឡើងដោយខ្លួនឯងដោយក្រុមហ៊ុន Xpeng។ បន្ទះឈីបនីមួយៗមានថាមពលគណនា ៧៥០ TOPS (Trillion Operations Per Second)។ រថយន្ត Xpeng P7 ប្រើប្រាស់បន្ទះឈីបទាំងបីនេះ មានសមត្ថភាពគណនាថាមពលគណនាសរុបឡើងដល់ ២ ២៥០ TOPS។ រថយន្ដក៏គាំទ្រមុខងារ AI ដូចជា៖ VLA (Vision-Language-Action) និង VLM (Vision-Language Models)។
All-new Xpeng P7 បានដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងជម្រើស ៤ម៉ូឌែលផ្សេងគ្នា ជាមួយតម្លៃចន្លោះពី ៣០ ៧៣០ ដល់ ៤១ ១៩០ ដុល្លារ។ ខាងក្រោមនេះគឺជាបញ្ជីម៉ូដែលនិងតម្លៃរបស់រថយន្ត P7 ថ្មី៖
- Xpeng P7 720: មានតម្លៃ ៣០ ៧៣០ ដុល្លារ
- Xpeng P7 820: មានតម្លៃ ៣៣ ៥២០ ដុល្លារ
- Xpeng P7 750 AWD: មានតម្លៃ. ៣៦ ៣២០ ដុល្លារ
- Xpeng P7 750 AWD Scissor Doors: មានតម្លៃ ៤២ ១៩០ ដុល្លារ