ត្រឹមតែ៣ខែប៉ុណ្ណោះ កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត និងរោងចក្រផលិតសំបកកង់រថយន្ត ដល់ទៅ៣គម្រោង

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ កម្ពុជាបានបន្តទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្មរថយន្តចំនួន៣គម្រោង ក្នុងនោះ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរេថយន្តចំនួន២ និង១ទៀត ជាគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់។

សម្រាប់គម្រោងវិនិយោគផ្គុំដំឡើងរថយន្តចំនួន២ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តនោះរួមមាន៖

១. គម្រោងផ្គុំដំឡើងរថយន្ត Lynk & Co របស់ក្រុមហ៊ុន ZDG Assembly Co., Ltd ក្រោមទុនវិនិយោគ ១១លានដុល្លារ នៅខេត្តកណ្តាល ដែលអាចបង្កើតការងារបាន ១៦០កន្លែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. គម្រោងផ្គុំដំឡើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន Zo Motors Cambodia Co.,Ltd ក្រោមទុនវិនិយោគ ៤៦លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ អាចបង្កើតការងារបានចំនួន ៦១១កន្លែង។

ចំណែកគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ គឺជារបស់ក្រុមហ៊ុន New Continent Cambodia Tire Co.,Ltd ក្រោមទុនវិនិយោគ ៤៥០លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដោយអាចបង្កើតការងារបានចំនួន ៣ពាន់កន្លែង។

គួរដឹងដែរថា បច្ចុប្បន្នកម្ពុជា កំពុងមានរោងចក្ររថយន្តជាច្រើនមកហើយ ដូចជារោងចក្រផលិតរថយន្ត Ford, រោងចក្រដំឡើងរថយន្ត Toyota, រោងចក្រដំឡើងរថយន្ត GTV, រោងចក្រដំឡើងរថយន្ត Kia និងរោងចក្រដំឡើងរថយន្ត BYD ជាដើម។ ជាមួយគ្នានេះ គម្រោងដំឡើងរថយន្ត GAC និង Chevrolet របស់ក្រុមហ៊ុន TH Automotive Manufacturing ក៏កំពុងសាងសង់រោងចក្រជិតរួចរាល់ឆាប់ៗនេះផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia បានបង្ហាញពីគម្រោងពង្រីករោងចក្ររថយន្ត Ford និងការផលិតគ្រឿងបង្គុំក្នុងស្រុកថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម