
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Xpeng រថយន្ត Sedan អគ្គិសនីជំនាន់ថ្មីម៉ូឌែល P7 បានទទួលការកក់ទុកមុនជាង ១០ ០០០ គ្រឿង ត្រូវបានទទួលក្នុងរយៈពេលត្រឹមតែ ៦ នាទី និង ៣៧ វិនាទី។ ជាមួយចំនួនការកក់លឿនបែបនេះ Xpeng P7 បានបំបែកកំណត់ត្រារថយន្ដម៉ូឌែលផ្សេងៗទៀតរបស់ក្រុមហ៊ុនរួមមានម៉ូឌែល Xpeng Mona M03 ត្រូវការពេលប្រហែល ៥២ នាទី និង Xpeng G7 ត្រូវការពេល ៤៦ នាទីដើម្បីទទួលបានការកក់ទុក ១០ ០០០ គ្រឿង។
អតិថិជនអាចកក់ទុកមុនដោយបង់ប្រាក់កក់ ៩៩យ័ន (ប្រហែល ១៤ ដុល្លារអាមេរិក) អាចយកទៅកាត់បន្ថយថ្លៃទិញរថយន្តបាន ៣ ០០០ យ័ន (ប្រហែល ៤១៨ ដុល្លារអាមេរិក) ពេលទិញជាក់ស្តែង។ ការដាក់លក់ជាផ្លូវការត្រូវបានកំណត់ពេលនៅចុងខែនេះ ហើយតម្លៃលក់មិនត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួននោះទេ។
រថយន្ត P7 ស៊េរីថ្មីនេះជាគ្រាប់អុកយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន Xpeng ដោយបានរចនាឡើងដើម្បីរំលេចឡើងវិញនូវសមត្ថភាពបើកបរកាន់តែប្រសើរ និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ កាន់តែពិសេសជាងម៉ូឌែលដើមដែលបានចេញលក់នៅឆ្នាំ ២០២០។ រថយន្ដនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Turing AI ចំនួនបីរបស់ក្រុមហ៊ុន ផ្តល់ថាមពលគណនារហូតដល់ ២ ២៥០ TOPS។
រថយន្តនេះផ្ដល់ជូនជាមួយរយៈចម្ងាយបើកបរ៣ផ្សេងគ្នាក្នុងនោះរួមមាន៖ រយៈចម្ងាយ ៧០២ គីឡូម៉ែត្រ, ៧៥០ គីឡូម៉ែត្រ, ៨២០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និងផ្ដល់មកជាមួយជម្រើសប្រព័ន្ធបើកបរកង់ក្រោយ (RWD) និងប្រព័ន្ធបើកបរកង់ទាំង៤ (AWD) ផងដែរ។ Xpeng P7 អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៧ វិនាទី ហើយគាំទ្រការសាកថ្មលឿនបំផុតកម្រិត ៥C ផ្តល់នូវចម្ងាយបើកបរ ៥២៥ គីឡូម៉ែត្រ ក្រោយសាកថ្មតែ ១០នាទីប៉ុណ្ណោះ៕