ត្រឹមរយៈពេល១ខែ! ឡានភីកអាប់អគ្គិសនី Silverado ទទួលបានការកក់រហូតដល់ ១១ម៉ឺនគ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត General Motors បានធ្វើការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលពេញមួយឆ្នាំ និងក្នុងត្រីមាសទី៤ ឆ្នាំ២០២២ របស់ខ្លួន។ ក្នុងនោះ GM បានបង្ហាញផលិតផលដែលទទួលបានជោគជ័យបំផុតគឺរថយន្តអគ្គិសនីភីកអាប់ Chevrolet Silverado EV ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកក់ទុកច្រើនជាង ១១០,០០០​ គ្រឿងពីម្ចាស់តែមួយ និងអតិថិជនឯកជនក្នុងរយៈពេលមួយខែចាប់តាំងពីការបញ្ជាទិញបានបើក។

ទន្ទឹមនឹងនេះ សម្រាប់អតិថិជនដែលបានកក់រថយន្តអគ្គិសនី Silverado EV នឹងត្រូវរង់ចាំយ៉ាងហោចណាស់មួយឆ្នាំមុនពេលដឹកជញ្ជូន។ ជាមួយគ្នានេះ ក្រុមហ៊ុន GM នឹងចាប់ផ្តើមដឹកជញ្ជូនរថយន្តអគ្គិសនី Chevy Silverado EV Work Truck ទៅកាន់ម្ចាស់នៅនិទាឃរដូវឆ្នាំ ២០២៣ តាមពីក្រោយដោយ RST First Edition នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ ក្រុមហ៊ុន GM ក៏បានប្រកាសថា ខ្លួនទទួលបានការកក់ទុកមុនជិត ៥៩ ០០០គ្រឿង សម្រាប់រថយន្តអគ្គិសនី GMC Hummer EV ប្រភេទភីកអាប់ និង SUV ។ ដូចដែលអ្នកបានដឹងហើយថា GMC បានចាប់ផ្តើមការដឹកជញ្ជូនអោយទៅអតិថិជនរួចហើយនៅរថយន្តអគ្គិសនីភីកអាប់ GMC Hummer  នៅសហរដ្ឋអាមេរិក ដោយរថយន្ត SUV ត្រូវបានគេរំពឹងថានឹងមកដល់អ្នកចែកចាយនៅនិទាឃរដូវឆ្នាំ ២០២៣ ផងដែរ។

លើសពីនេះ ក្រុមហ៊ុន General Motors បានបង្ហាញថាខ្លួនទទួលបានការបញ្ជាទិញទុកមុនសម្រាប់រថយន្តដឹកជញ្ជូនអគ្គិសនី BrightDrop EV600 និង EV410 ច្រើនជាង ២៥ ០០០គ្រឿង។ ក្នុងនោះ អតិថិជនដ៏ធំបំផុតគឺ Merchants Fleet ដែលមានការកក់ទុកចំនួន ១៨ ០០០គ្រឿង បន្ទាប់មកគឺ Walmart ៥ ០០០គ្រឿង និង FedEx ២ ៥០០គ្រឿងផងដែរ។

ដើម្បីបំពេញតម្រូវការ BrightDrop EV600 ក្រុមហ៊ុន GM និយាយថា ខ្លួននឹងចាប់ផ្តើមផលិតកម្មបន្ថែមនៅរោងចក្រ CAMI នៅ Ingersoll រដ្ឋ Ontario នៅចុងឆ្នាំ ២០២២។ ផលិតកម្មនឹងចាប់ផ្តើមជាមួយនឹងសមត្ថភាពប្រចាំឆ្នាំ ៣០ ០០០គ្រឿង បង្កើនការផលិតជិតពីរដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម