ទីបំផុត! ភីកអាប់ Ford F-150 ត្រលប់មកកាន់ទីផ្សារប្រទេសអូស្ត្រាលីវិញជាផ្លូវការ

[បរទេស] បន្ទាប់ពីការរង់ចាំអស់ជាច្រើនទស្សវត្សរ៍មក ខណៈពេលនេះក្រុមហ៊ុន Ford ប្រចាំនៅប្រទេសអូស្ត្រាលី ត្រៀមនាំភីកអាប់ Ford F-150 មកវិញជាមួយការចែកចាយចាប់ផ្តើមនៅក្នុងត្រីមាសទី ៣ នៅក្នុងទីផ្សារមួយនេះ។

សម្រាប់រថយន្តភីកអាប់ Ford F-150 នៅក្នុងទីផ្សារអូស្តា្រលីមាន ២ ម៉ូដែលរួមមាន XLT និង Lariat មានតម្លៃលក់ចាប់ពី៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ F-150 XLT SWB មានតម្លៃលក់ចាប់ពី ៧៣ ០៣៨ ដុល្លារ និងប្រភេទ F-150 XLT LWB មានតម្លៃលក់ចាប់ពី ៧៣ ៧១៨ ដុល្លារ
  • ប្រភេទ F-150 Lariat SWB មានតម្លៃលក់ចាប់ពី ៩៥ ៥៧៥ ដុល្លារ និងប្រភេទ F-150 Lariat LWB មានតម្លៃលក់ចាប់ពី ៩៦ ២៥៤ ដុល្លារ

F-150 XLT ភ្ជាប់មកជាមួយលក្ខណៈពិសេស រួមបញ្ចូលកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ១២ ទិសដៅ និងអ្នកដំណើរ ១០ ទិសដៅ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ ប្រព័ន្ធបំពង់សំឡេង ៧ ចំនុច ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ ប្រព័ន្ធកំណត់ល្បឿនបើកបរ ប្រព័ន្ធជំនួសអូសសណ្តោង Ford Pro-Trailer Back-Up Assist និងមុខងារសុវត្ថិភាពជាច្រើន។

ចំពោះម៉ូដែល F-150 Lariat វិញ​ រួមបញ្ចូលនៅប៉ាណាមុខរាងជាសំណាញ់ដ៏ប្រណិតដំបូលកញ្ចក់ភ្លោះប្រភេទ moonroof កៅអីស្រោបស្បែកដោយខាងមុខមានមុខងារកម្ដៅ/ត្រជាក់ និងកៅអីខាងក្រោយមានមុខងារកម្ដៅ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ អ៊ីញ និងអេក្រង់កំសាន្តទំហំ  ១២ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាក Bang & Olufsen ១៨ ចំណុច , ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ និងប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខឆ្លាតវៃជាមួយនឹងការឈប់ និងទៅ ក្នុងចំណោមមុខងារផ្សេងៗទៀត។

ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost Twin-turbo V6 អាចផលិតកម្លាំងបាន ៣៩៩ សេះ និងកម្លាំងរមួល ៦៧៨ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គជាស្ដង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម