នេះជារូបមន្តគណនា តម្លៃពន្ធឡាន នៅកម្ពុជា! (មានឧទាហរណ៌)

ដោយសារតែមានការជជែកវែកញែកជាច្រើនទាក់ទងនឹងការគណនាតម្លៃពន្ធឡានផ្សេងៗ ថ្ងៃនេះខេមបូអូតូ សូមធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរូបមន្ត ដែលបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ មួយវិញទៀត បងប្អូនយើងជាច្រើនមានការសប្បាយចិត្តផងដែរ ស្តីអំពីការកែសម្រួលអត្រាពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយពីការប្រកាសនេះ យើងក៏ឃើញមានខាងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន Ford Cambodia បានធ្វើការអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលផងដែរ ដែលអាចអោយបងប្អូនយើងចំនេញរហូតដល់ជាង ៤ ០០០ ដុល្លារផងដែរ។

យ៉ាងណាមិញ នេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយជាពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ដែលត្រូវបាន​គណនាតាមវិធីសាស្ត្រដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក. ចំពោះទំនិញទូទៅ

ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

  • ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
  • អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)

ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)

ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!

ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ចឹងសម្រាប់ពន្ធនាំចូលគឺ 35% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid 50% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
➡️ ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
➡️ អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
➡️ អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
ចឹងយើងអាចធ្វើការគណនា៖
➡️ ពន្ធនាំចូល = 11,600 x 35% = 4,060
➡️ អាករពិសេស = (11,600 + 4,060) x 50% = 7,830
➡️ អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239
មានកន្លែងណាមិនយល់អាចសួរខ្ញុំបាន អរគុណ!

ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម