ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia បានបង្ហាញចេញជាផ្លូវការនូវរូបរាងរថយន្ត SUV ថ្មីចុងក្រោយរបស់ខ្លួន ដែលមានរចនាបថបែបអនាគត ជាគូប្រជែងរបស់ Volkswagen ID4 និង Nissan Ariya ពេលដែលវាចេញលក់លើទីផ្សារនៅចុងឆ្នាំ ២០២១។
ត្បិតថាបានបង្ហាញរូបរាងទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងក៏ដោយក្ដី ប៉ុន្តែ Kia នៅមិនទាន់បាននិយាយអំពីចំណុះអាគុយ និងសមត្ថភាពរបស់រថយន្ត Kia EV6 របស់ខ្លួននៅឡើយទេ។ យ៉ាងណាក្ដីគេរំពឹងថាវានឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ដែលទើបបង្ហាញវត្តមានកាលពីថ្មីកន្លងទៅនេះ។
ប្រសិនបើដូច្នោះមែន EV6 អាចនឹងមានជម្រើសអាគុយទំហំ ៥៨ ឬ ៧២,៦គីឡូវ៉ាត់ម៉ោង ជាមួយជម្រើសម៉ូទ័រអគ្គិសនី១ ឬភ្លោះ។ រថយន្ត Ioniq 5 មានការអះអាងថាអាចបើកបរបានចម្ងាយដល់ ៤៦៦គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយទ្រាំទ្រការសាកភ្លើងកម្លាំង ៣៥០គីឡូវ៉ាត់ទៀតផង។
ដោយឡែកចំពោះតម្លៃដាក់លក់ក៏គេនៅមិនទាន់បានដឹងចេញពីក្រុមហ៊ុន Kia នៅឡើយដែរ ប៉ុន្តែតម្លៃរបស់វាទំនងជាថ្លៃជាងរថយន្ត Kia e-Niro៕