បច្ចេកវិទ្យាថ្មី នឹងជួយបញ្ជាក់ច្បាស់លាស់ពីចម្ងាយ​ពិតប្រាកដរបស់​ភាគរយអាគុយ EV ​ដែលនៅសល់

ប្រសិនបើអ្នកកំពុងបើកបររថយន្តអគ្គិសនី  ក្នុងក្រុង ឬតាមខេត្ត ហើយឃើញថាមពលអាគុយសល់ ៤០% ហើយ​ក្នុងកុងទ័ររថយន្តនោះ នឹងបញ្ជាក់អំពីចម្ងាយដែលអាចបន្តបើកបាន។ ប៉ុន្តែការវាស់វែងនេះ នៅតែមិនទាន់ត្រឹមត្រូវនៅឡើយ ព្រោះតាមបណ្តោយផ្លូវអាចនឹងជួបស្ថានភាពផ្សេងៗ ដែលធ្វើឲ្យចម្ងាយផ្លូវត្រូវកាត់បន្ថយទៀត។

ដើម្បីបង្កើនភាពជឿជាក់​លើចម្ងាយផ្លូវនៃថាមពលអាគុយដែលនៅសល់ ក្រុមវិស្វករ​នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាន​អភិវឌ្ឍបច្ចេកវិទ្យាវាស់វែងថ្មីមួយ ហៅថា ‘State of Mission (SOM)’។ វាត្រូវបានរចនា​ ដើម្បីឆ្លើយតបនឹង​សំណួរថា “តើអាគុយនេះ ក្នុងស្ថានភាពវាបែបនេះ តើវាអាចបើកដល់គោលដៅដោយជោគជ័យឬទេ?”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SOM នឹងប្រើប្រាស់​ទាំងទិន្នន័យអាគុយ និងកត្តាជាក់ស្តែងដូចជា គំរូចរាចរណ៍ ការប្រែប្រួលរយ:កម្ពស់ ឬសីតុណ្ហភាពនៅជុំវិញ ដើម្បីបង្កើតពេលវេលាជាក់លាក់ និងការព្យាករកាន់តែច្បាស់លាស់។ ចំពោះដំណើរការលម្អិតនៃប្រព័ន្ធ SOM ត្រូវបានផ្សព្វផ្សាយ​ក្នុងព្រឹត្តបត្រ iScience។

បើទោះបីជាកំពុងស្ថិតក្រោមការអភិវឌ្ឍយ៉ាងណាក្តី ក្រុមវិស្វករ បានអះអាងថា ប្រព័ន្ធ SOM នេះ នឹង​ប្រែក្លាយទិន្នន័យអាគុយ សម្រាប់ការសម្រេចចិត្ត ការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ភាពជឿជាក់ និងផែនការសម្រាប់​ការដាក់បញ្ចូល​គ្នានៅក្នុងយានយន្ត ឬដ្រូន នាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម