បុរសម្នាក់ដែលមានគណនី Reddit ឈ្មោះថា “Ballon-Man” បានសរសេររៀបអំពីរឿងរ៉ាវដែលរូបគេ និងឪពុក បានជ្រុលដៃកុម្ម៉ង់ទិញរថយន្ត Tesla Model Model 3 រហូតដល់ ២៧គ្រឿងឯណោះ។
ពេលនោះរូបគេបានដាក់ការកុម្ម៉ង់ទិញរថយន្ត Model 3 ថ្មីមួយគ្រឿង ដែលមានបន្ថែម Option Autopilot មកជាមួយ ប៉ុន្តែមានរឿងប្លែកកើតឡើងលើវិបសាយ Tesla។ ក្រោយពីចុចលើប៊ូតុងបញ្ជាក់បញ្ជាការទិញរួច វិបសាយបានឆ្លើយតបថានឹងអាចទទួលការកុម្ម៉ង់បានព្រោះបញ្ហារឿងទូទាត់ប្រាក់ ត្បិតថាព័ត៌មានអំពីការទូទាត់មានបញ្ចូលត្រឹមត្រូវរួចហើយក្ដី។
ក្រោយមកពួកគេដឹងថាបញ្ហាគឺកើតមានលើវិបសាយ ព្រោះអ្នកប្រើប្រាស់ផ្សេងទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ។ ពួកគេមិនបានរង់ចាំឲ្យវិបសាយជួសជុលបញ្ហាសិន ឬទាក់ទងផ្នែកបម្រើសេវាកម្មបុគ្គលិកនោះទេ ប៉ុន្តែបែរជាដាក់ការកុម្ម៉ង់ម្ដងទៀត ហើយវានៅតែមិនបានផល រួចហើយគេក៏ព្យាយាមម្ដងហើយម្ដងទៀត។
ចុងក្រោយ មុនពាក់កណ្ដាលអាធ្រាត្រ គេអាចដាក់ការកុម្ម៉ង់ទិញបានសម្រេច ហើយវិបសាយក៏មានការបញ្ជាក់ដែរ។ ប៉ុន្តែសរុបកន្លងមកគេបានព្យាយាមកុម្ម៉ង់ទិញ ២៧ ដង ក្នុងរយៈពេល ២ម៉ោង។ ២៧ដងនេះ ខាងវិបសាយ Tesla សុទ្ធតែទទួលយកបាន ធ្វើឲ្យការកុម្ម៉ង់របស់បុរសខាងលើមាន Tesla Model 3 សរុបដល់ ២៧គ្រឿង មានតម្លៃ ១,៤លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ១,៥៧លានដុល្លារឯណោះ។
បន្ថែមពីនេះ រថយន្តមួយគ្រឿងៗគឺត្រូវកក់ប្រាក់ជាមុន ១០០ អឺរ៉ូ ដែលសរុបទៅគឺ ២៧០០អឺរ៉ូ (ប្រមាណ ៣០១៧ដុល្លារ)។ ដោយឃើញដូចនេះឪពុក និងកូនបានប្រញាប់ទាក់ទងទៅកាន់ Tesla និងបកស្រាយរឿងរ៉ាវដែលកើតមាន ដែលចុងក្រោយខាង Tesla បានជួយបោះបង់ចោលការកុម្ម៉ង់ទាំង ២៧គ្រឿងដោយមិនគិតថ្លៃ និងបានណែនាំឲ្យធ្វើការកុម្ម៉ង់រថយន្តជាថ្មី៕