
ចរន្តនៃការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ កាន់តែមានសន្ទុះខ្លាំងឡើងហើយ ដោយឡែកនៅកម្ពុជា ក៏មានកំណើនប្រើប្រាស់រថយន្តប្រភេទនេះច្រើនផងដែរពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការលើកទឹកចិត្តពីរដ្ឋ និងការហូរចូលវិនិយោគទុនរបស់ក្រុមហ៊ុនរថយន្តបរទេសជាដើម។
យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក នៅមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់ ហើយវាក៏ជាកត្តារាំងស្ទះដ៏ធំមួយ សម្រាប់វិស័យ EV។ លើសពីនេះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឱ្យអ្នកប្រើរថយន្ត EV ខ្លះ ចង់ងាកមករករថយន្តចំហេះក្នុងវិញទៀតផង។
តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។
ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី
- រៀបចំបទបញ្ញត្តិ និងស្តង់ដាសម្រាប់ឧបករណ៍ឬបរិក្ខារបញ្ចូលថាមពល និងស្ថានីយបញ្ចូលថាមពល ឬផ្លាស់ប្តូរឧបករណ៍ស្តុកថាមពល (swap)
- កំណត់ទីតាំង និងកម្រិតចំនួនស្ថានីយបញ្ចូលថាមពល ស្របតាមតម្រូវការជាក់ស្តែង
- រៀបចំស្តង់ដាស្ថានីយ ឬឧបករណ៍បញ្ចូលថាមពល ដែលប្រើប្រាស់គ្រប់ប្រភេទយានយន្តអគ្គិសនី
- ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ សម្រាប់គ្រប់គ្រង និងបង់ប្រាក់លើការប្រើប្រាស់ស្ថានីយ
- ជំរុញការកសាងស្ថានីយនៅតាមផ្លូវជាតិ ផ្លូវល្បឿនលឿន អគារ ខុនដូរ ផ្សារទំនើប និងសណ្ឋាគារ។
ការផ្គត់ផ្គង់ថាមពល
- កំណត់ថ្លៃអគ្គិសនី
- កំណត់បទដ្ឋានបច្ចេកទេស និងស្តង់ដាសុវត្ថិភាពសម្រាប់ការបញ្ចូលថាមពល
- សម្រួល និងពន្លឿននីតិវិធីផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណ ដល់អ្នកផ្តល់សេវាកម្មបញ្ចូលថាមពល
- ជំរុញការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ នៅតាមស្ថានីយបញ្ចូលថាមពល
ស្តង់ដាយានយន្តអគ្គិសនី និងគ្រឿងបង្គុំ/គ្រឿងបន្លាស់
- រៀបចំបទបញ្ញត្តិ និងស្តង់ដាគុណភាព និងសុវត្ថិភាព
- ពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
បណ្តាញតភ្ជាប់ និងគ្រប់គ្រងទិន្នន័យ
- រៀបចំបណ្តាញតភ្ជាប់ ចែករំលែកទិន្នន័យ និងបង្កើតត្រួតពិនិត្យ និងរាយការណ៍បញ្ហាកំហុសបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងដោះស្រាយទាន់ពេល។
ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត
- រៀបចំបទដ្ឋានចំណតអាទិភាពសាធារណៈ ឬនៅតាមអគារ ឬផ្សារទំនើប សម្រាប់យានយន្តអគ្គិសនី
- កែសម្រួលបទដ្ឋានសាងសង់អគារ និងបទដ្ឋាននៃការអភិវឌ្ឍទីក្រុង និងតំបន់អភិវឌ្ឍសំខាន់ៗផ្សេងទៀត ដើម្បីជាកាតព្វកិច្ចក្នុងការបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល និងចំណតយានយន្តអគ្គិសនីនៅក្នុងគម្រោង៕