Nissan គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនរថយន្តជាច្រើនទៀតដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហានៃការលក់ដោយសារតែការផ្ទុះនូវជំងឺកូវីដ១៩។ យ៉ាងណាក្ដី Nissan នៅមានសង្ឃឹមលើប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេក្នុងលោក។
Nissan បានបន្តឈរជើងជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ខ្លាំងក្លាមួយក្នុងប្រទេសជប៉ុន តាមរយៈការចាប់ដៃគូសហការក្រោមយុទ្ធសាស្ត្រ 50:50 ជាមួយក្រុមហ៊ុនរថយន្តចិន Dongfeng Motor Group ដោយកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Nissan ជាប់ចំណាត់ថ្នាក់លេខ ៤ក្នុងប្រទេសចិន ជាមួយការកាន់កាប់ចំណែកទីផ្សារបាន ៦,៧%។
សម្រាប់ Nissan ចំនួនលក់នៅប្រទេសចិនរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ ១% ប៉ុណ្ណោះ នៅអំឡុងត្រីមាសឆ្នាំ ២០១៩ ដែលបិទបញ្ចប់នៅត្រឹមខែមីនា ខណៈពេលដែលចំនួនលក់សរុបលើទូទាំងសកលលោកមានការធ្លាក់ចុះ ១១%។ បន្ថែមពីនេះចំនួនលក់នៅចិន គឺស្មើប្រហែលនឹង ១ភាគ៣ នៃចំនួនលក់សរុបរបស់ Nissan នៅទូទាំងសកលលោកដែលមានចំនួន ៤,៩៣លានគ្រឿង។
ចំពោះផែនការទៅថ្ងៃអនាគត ក្រុមហ៊ុន Nissan និង Dongfeng មានគម្រោងថាបង្កើនចំនួនលក់សរុបនៅប្រទេសចិនឲ្យបាន ២,៦លានគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២២ ខាងមុខ៕