[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុនរថយន្ត Daihatsu Motor បានទទួលស្គាល់ចំៗថារថយន្តអគ្គិសនីតម្លៃធូរថ្លៃរបស់ក្រុមហ៊ុនរថយន្តចិន គឺជាការគំរាមកំហែងធំមួយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។
ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែធ្វើការផ្លាស់ប្ដូរយឺតយ៉ាវបំផុតក្នុងការធ្វើឲ្យរថយន្តខ្នាតតូច Kei ដែលជាប្រភេទរថយន្តពេញនិយមខ្លាំងនៅជប៉ុន ឲ្យក្លាយទៅជារថយន្តអគ្គិសនី ដែលនេះបានផ្ដល់ជាឪកាសដល់ក្រុមហ៊ុនរថយន្តចិនក្នុងការវាយលុកចូលទីផ្សាររថយន្តអគ្គិសនីតម្លៃធូរនៅជប៉ុន។
យ៉ាងណាក្ដី ពេលនិយាយជាមួយ Nikkei Asia លោក Soichiro Okudaira ជាប្រធានក្រុមហ៊ុន Daihatsu បានបង្ហាញការប្ដេជ្ញាថានឹងខិតខំធ្វើឲ្យបានល្អអស់ពីលទ្ធផលក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្តដែលផលិតឡើងដោយក្រុមហ៊ុនចិន។ តាមនោះដែរ រថយន្ត Kei ប្រភេទអគ្គិសនីដំបូងរបស់ Daihatsu នឹងត្រូវប្រកាសចេញនៅឆ្នាំ២០២៥ ដែលមានតម្លៃប្រមាណ ៨៦០០ដុល្លារ។
តម្លៃនេះគឺខ្ពស់ជាងរថយន្តអគ្គិសនីចិនខ្នាតតូចមួយចំនួន ដែលត្រង់នេះលោក Soichiro Okudaira បាននិយាយរថយន្ត Kei របស់ជប៉ុនគឺនៅតែមានតម្រូវការ ដោយសារតែផ្នែកខាងក្នុងនៃរថយន្តមានទំហំធំ អាចដាក់ឥវ៉ាន់បានច្រើន និងអាចផ្ទុកមនុស្សបាន៤នាក់។
គួរដឹងដែរថា Daihatsu កំពុងធ្វើការជាមួយក្រុមហ៊ុនរថយន្តជាច្រើនដើម្បីបន្ថែមជម្រើសអគ្គិសនីលើម៉ូដែលរថយន្តរបស់ខ្លួន ហើយក្រុមហ៊ុននេះនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានក្នុងការគ្រប់គ្រងលើតម្លៃនៃអាគុយអគ្គិសនី ដែលក្នុងនោះមានជម្រើសទិញអាគុយផលិតដោយចិនផងដែរ៕