ប្រមាញ់បាន Mercedes-AMG SL53 Plug-In Hybrid ថ្មី អាចមានកម្លាំងដល់ ៦៧០សេះ

ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្តម៉ូដែល SL Convertible (បើកដំបូល) កាលពីប៉ុន្មានខែមុន ហើយឥឡូវនេះ ក្រុមអ្នកប្រមាញ់ក៏ចាប់បានរូបភាពមួយចំនួន ពីម៉ូដែលថ្មីក្នុងត្រកូល SL នេះទៀត គឺ SL53 E-Performance Plug-in Hybrid។

រថយន្ត Mercedes-AMG SL53 E-Performance Plug-In Hybrid មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល SL63 E-Performance ដែលគេប្រមាញ់បានកាលពីដើមឆ្នាំកន្លងទៅដែរ ប៉ុន្តែវាបានតុបតែងខុសគ្នាបន្តិចបន្តួច ដូចជា គម្របដុំហ្វ្រាំងពណ៌ក្រហម និង ផ្នែកខាងក្រោយ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា ម៉ូដែល SL53 E-Performance នេះ នឹងប្រើម៉ាស៊ីនតែមួយ ដូចទៅនឹងម៉ូដែល C63 E-Performance ដែរ។

នេះបញ្ជាក់ថា យើងអាចនឹងបានឃើញម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ លើ SL53 E-Performance។ ជាមួយនឹងម៉ាស៊ីននេះ រថយន្ត C63 E-Performance អាចបង្កើតកម្លាំងបានសរុប ៦៧១សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា SL53 E-Performance នឹងមានកម្លាំងប៉ុន្មាន គ្រាន់តែដឹងថា វានឹងស្រដៀងនេះដែរប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងរថយន្ត Mercedes-AMG SL53 E-Performance Plug-In Hybrid នេះ នឹងត្រូវចេញមក នៅពេលវាបង្ហាញខ្លួនជាផ្លូវការ នៅដើមឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម