ប្រមាញ់បានផ្នែកខាងក្នុង នៃ Honda Civic Type R ឆ្នាំ២០២២ មុនថ្ងៃប្រកាសចេញ

ក្រុមហ៊ុន Honda បានចាប់ផ្តើមធ្វើការបង្ហាញចេញជាបណ្តើរៗ នូវរូបរាងមួយផ្នែកនៃរថយន្ត Civic Type R ឆ្នាំ២០២២ ហើយឥឡូវនេះគេក៏ប្រមាញ់បានផ្នែកខាងក្នុងរបស់វាផងដែរ។

មិនខុសពីការរំពឹងទុក វាបានពាំនាំយកនូវកាប៊ីនស្រដៀងទៅនឹងរថយន្ត Honda Civic Hatchback ធម្មតា ជាពិសេសគឺតាប្លូ, រន្ធម៉ាស៊ីនត្រជាក់, អេក្រង់កម្សាន្ត និងប្លុកបញ្ជាជាដើម។ ដោយឡែក អ្វីដែលជាភាពខុសគ្នាត្រូវគេសម្គាល់ឃើញនោះគឺ កៅអីស្ព័រពណ៌ក្រហម, ខ្សែក្រវ៉ាត់ពណ៌ក្រហម, ឡូហ្គូ Type R លើកៅអី និង ថ្នេរដេរពណ៌ក្រហម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ អ្វីដែលគេចាប់អារម្មណ៍នោះគឺ គំរូរថយន្ត Civic Type R ឆ្នាំ២០២២ នោះ មានបំពាក់ប្រអប់លេខដៃ ៦វគ្គ ជាមួយនឹងចង្កឹះលេខស្រដៀងទៅនឹងស៊េរីមុនដែរ។ ក្រៅពីនោះ គឺវាប្រើដៃចង្កូតកាំម្ញី និងកន្លែងដាក់ដៃផ្នែកកណ្តាល។

គួររំលឹកថា ក្រុមហ៊ុន Honda បានបញ្ជាក់ថានឹងប្រកាសចេញរថយន្ត Civic Type R នៅឆ្នាំក្រោយជាផ្លូវការ ខណៈវានឹងក្លាយជាម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធចុងក្រោយបង្អស់របស់ Honda ដែលលក់នៅអឺរ៉ុប ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្តេជ្ញាទៅលើរថយន្តអគ្គិសនីវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Honda បានបង្ហោះរូបថត ២សន្លឹក បង្ហាញឲ្យឃើញនូវរូបរាងរបស់ Civic Type R ប៉ុន្តែស្ថិតក្នុងសភាពបិទបាំងនៅឡើយ គ្រាន់តែបង្ហាញឲ្យឃើញនូវប៉ាណាមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងមុខក្រោយមើលទៅធំជាង Civic Hatchback ធម្មតា, ដុំហ្វ្រាំង Brembo, កាងក្រោយ rear wing ធំជាងមុន ហើយមានបំពង់ស៊ីម៉ាំង ៣។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពី Civic Type R ថ្មីឡើយ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយអះអាងថា វានឹងបំពាក់ម៉ាស៊ីនដែលទទួលបានការអាប់ដេត គឺ turbocharged ចំណុះ ២,០លីត្រ មានកម្លាំង ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ មិនតែប៉ុណ្ណោះ Honda នឹងផ្តោតទៅលើការអាប់ដេតប្រព័ន្ធជើងក្រោម និងហ្វ្រាំង ទៀតផង។

សូមបញ្ជាក់ជាថ្មីម្តងទៀតថា រថយន្ត Honda Civic Type R ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២២ ហើយនឹងបន្តប្រើប៉ុងមួយវិលកង់ក្រោយដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម