
ការប្រឡងយកបណ្ណបើកបរ មិនថាប្រភេទណានោះទេ គឺមាន២ដំណាក់កាល ទី១ ប្រឡងទ្រឹស្តី ដែលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ និងទី២ ប្រឡងដៃចង្កូតផ្ទាល់នៅទីលានប្រឡង ឬផ្លូវសាធារណៈដែលកំណត់ដោយក្រសួង។ យ៉ាងណាមិញ ប្រសិនបើបេក្ខជនប្រឡងធ្លាក់ទ្រឹស្តី គឺមិនអាចបន្តទៅប្រឡងដៃចង្កូតបានឡើយ ពោលគឺត្រូវប្រឡងសងទ្រឹស្តីឲ្យបានជាប់ជាមុនសិន ទើបអាចបន្តប្រឡងដៃចង្កូតទៀតបាន។ ជាមួយគ្នានេះ បើប្រឡងដៃចង្កូតធ្លាក់ គឺតម្រូវឲ្យបេក្ខជនទៅរៀនបើកបរឡើងវិញ ហើយដាក់ពាក្យម្តងទៀត ដោយប្រឡងដៃចង្កូតតែម្តង។

សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។

ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាមប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
-លិខិតឆ្លងដែន ទិដ្ឋាការដែលមានសុពលភាពយ៉ាងតិច ៣០ថ្ងៃ និងលិខិតបញ្ជាក់អាសយដ្ឋាន (ចំពោះជនបរទេស)
-លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើបាននៅទីតាំងផ្តល់សេវា)
-រូបថតផ្ទៃស ៤ x ៦
គួរបញ្ជាក់បន្ថែមថា ចំពោះការស្នើសុំប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីសាលាបង្រៀនបើកបរយានយន្ត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ឆ្នាំ២០១៧ ឲ្យដឹងថា អ្នកបើកបរម្នាក់ មានសិទ្ធិកាន់បណ្ណបើកបរតែមួយគត់។ អាយុអ្នកបើកបរ ត្រូវកំណត់តាមប្រភេទបណ្ណបើកបរ រួមមាន៖
-អាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ
-អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១
-អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង៕



















