ផ្ទុះខ្លាំង! Mazda EZ-60 ទទួលបានកក់ទុកមុនលើស ១ម៉ឺនគ្រឿង ត្រឹមរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ

[បរទេស] បន្ទាប់ពីដាក់បញ្ចេញជាផ្លូវការនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 លើកទី ២១ នៅឯប្រទេសចិន ក្នុងនោះ រថយន្ត Mazda EZ-60 ប្រភេទ midsize- SUV ទទួលបានការបញ្ជាទិញជាមុនចំនួនដល់ទៅ ១០ ០៦០ គ្រឿង ក្នុងរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ។

Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២ គឺប្រភេទអគ្គីសនីសុទ្ធ EV សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ និងប្រភេទអគ្គិសនី លាយសាំង EREV អាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការផ្នែកខាងក្រៅ ត្រូវបានឌីស្សាញសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីម មានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ  និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង បានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២៦,៤៥ អ៉ីញ កម្រិត 5K សម្រាប់បញ្ជាមុខងារទូទៅនៅរថយន្ត និងកុងទ័របង្ហាញលើកញ្ចក់ HUD កម្រិត 3D ឧបករណ៍បំពងសំលេង ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងកៅអីចុចអូតូ មុខងារខ្យល់ត្រជាក់-ក្តៅ និងម៉ាស្សា ហើយក៏មានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម