អ្នកបើកបរយានយន្ត ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ស៊ីផ្លេ នៅពេលថ្ងៃដើម្បីឲ្យដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន។ នេះបើយោងតាមមាត្រា២៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

យ៉ាងណាមិញ នៅពេលយប់ ការប្រើប្រាស់ ស៊ីផ្លេ ត្រូវបានហាមឃាត់ ប៉ុន្តែអ្នកបើកបរអាចជំនួសដោយការប្រើសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។
ការចុច ស៊ីផ្លេខ្យល់ ក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងទីប្រជុំជន ជាពិសេសនៅជិតមន្ទីរពេទ្យ ដែលជាទូទៅ អ្នកបើកបរនឹងឃើញផ្លាកសញ្ញា ហាមស៊ីផ្លេ ដែលហាមឃាត់អ្នកបើកបរយានជំនិះគ្រប់ប្រភេទ មិនឲ្យ ស៊ីផ្លេនោះទេ លើកលែងតែក្នុងករណីអាចមានគ្រោះថ្នាក់បន្ទាន់។

គួរដឹងដែរថា ការប្រើប្រាស់ស៊ីផ្លេនេះ គឺក្នុងរយៈពេលខ្លី ឬចុច តឺតៗ ចៀសវាងការចុចជាប់អូសបន្លាយយូរនិងលាន់ខ្លាំង ដែលបង្កការរំខាន ដល់អ្នកដទៃ។ ដោយឡែក ចំពោះយានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ អាចប្រើប្រាស់ សញ្ញាសូរសព្ទពិសេស បានគ្រប់ពេលវេលា ក្នុងពេលកំពុងបំពេញភារកិច្ច៕
















