
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពលើគាលការណ៍ស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។យ៉ាងណាមិញ ការរឹតបន្តឹងនេះ ធ្វើឡើងតែក្នុងភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងតែប៉ុណ្ណោះ។ ចុះចំណែកបណ្តាខេត្តផ្សេងៗទៀត ត្រូវអនុវត្តវិធានការបែបណា?
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះ ធ្វើឡើងតែក្នុងភូមិសាស្រ្តរាជធានីខេត្តទាំង៥នេះតែប៉ុណ្ណោះ ដែលមានគ្រោះថ្នាក់ច្រើន ដោយផ្តោតទៅលើបទល្មើសរួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសិទ្ធិអាទិភាព និងភ្លើងស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។ ឯបទល្មើសក្រៅពីនេះ គឺធ្វើការអប់រំណែនាំ។

លោកបន្ថែមទៀតថា ចំណែកបណ្តាភូមិសាស្រ្តខេត្តដទៃទៀត គឺនគរបាលចរាចរណ៍ នៅតែមានសិទ្ធិអប់រំណែនាំបងប្អូនប្រជាពលរដ្ឋដែលបើកបរខុសច្បាប់ចរាចរណ៍។
យោងតាមរបាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ឲ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៧៩លើក កើនឡើង ២១៣លើក ស្មើ២០% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ មូលហេតុនៃគ្រោះថ្នាក់ រួមមាន
-បើកបរក្នុងល្បឿនលឿន ៤៦%
-មិនគោរពសិទ្ធិអាទិភាព ២២%
-មិនប្រកាន់ស្តាំ ១២%
-វ៉ាជែង ២២%
-ការបត់មិនប្រយ័ត្ន ៦%
-ការបើកបរក្នុងស្ថានភាពស្រវឹង ៤%
-ការមិនគោរពសញ្ញាចរាចរណ៍ ២%
-និងកត្តាយាន ១%។
គ្រោះថ្នាក់កើតឡើងច្រើននៅរាជធានីភ្នំពេញ ៤១៦លើក, ខេត្តព្រះសីហនុ ៩២លើក, ខេត្តកណ្តាល ៧៥លើក, ខេត្តកំពង់ស្ពឺ ៥៧លើក និងស្វាយរៀង ៤៥លើក៕



















