នៅពេលកំពុងបើករថយន្ត ហើយត្រូវការឡើងវ៉ាជែងម្តងៗ មិនថាជាផ្លូវតូច ឬផ្លូវធំនោះទេ គឺទាមទារនូវការយល់ដឹងពីតិចនិចនៃការបើកបរ ស្ថានភាពចរាចរណ៍ជាក់ស្តែង ជាពិសេសសញ្ញាចរាចរណ៍ និងត្រូវដឹងដែរថា កន្លែងណាខ្លះដែលមិនត្រូវវ៉ាជែងដាច់ខាត។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមុននឹងបើករថយន្តឡើងវ៉ាជែងម្តងៗ៖
១. ត្រូវពិនិត្យមើលផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដែលហាមឃាត់ដល់ការជែងជាមុនសិន ថាតើមានឬអត់ ដូចជា ផ្លាកសញ្ញាហាមជែង ផ្លាកសញ្ញាបន្ថយល្បឿន គំនូសសញ្ញាជាប់ពណ៌លឿង និងពណ៌សជាដើម។

២. ត្រូវពិនិត្យមើលទីកន្លែង និងស្ថានភាពផ្លូវដែលត្រូវបានហាមឃាត់ក្នុងការជែង ដូចជា ផ្លូវកោង ផ្លូវឡើងចុះទួល ជិតផ្លូវបត់ ផ្លូវខ្វែង ផ្លូវក្រោមស្ពាន ឬផ្លូវរូង ផ្លូវរអិល ផ្លូវដែលមានទឹកលិច ពេលភ្លៀងខ្លាំង ពេលចុះអ័ព្ទ មានដីហុយ ឬផ្សែងខ្លាំងជាដើម។
៣. ប្រសិនបើមិនឃើញមានសញ្ញាចរាចរណ៍ និងទីកន្លែងហាមឃាត់ដូចចំណុចទាំង២ខាងលើនេះទេ គឺលោកអ្នកអាចជែងបាន។ ប៉ុន្តែមុនឡើងជែង ត្រូវពិនិត្យកញ្ចក់មើលក្រោយ និងកញ្ចក់ចំហៀង ដើម្បីប្រាកដថា គ្មានយានយន្តផ្សេងទៀតកំពុងវ៉ាជែងអ្នកពីក្រោយឡើយ។ ជាមួយគ្នានេះ បើឃើញរថយន្តខាងមុខ មានសញ្ញាសុំជែង ឬកំពុងវ៉ាជែងគ្នាហើយ អ្នកមិនត្រូវឡើងទៅវ៉ាជែងតាមក្រោយថែមទៀតឡើយ និងហាមជែងគ្នាជា ៣ជួរដាច់ខាត។
៤. ក្នុងពេលជែង ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង ហើយក្នុងករណីចាំបាច់ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ។ នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច ១ម៉ែត្រ។
៥. នៅពេលជែងផុតឲ្យបានឆ្ងាយបន្តិចហើយ អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ៕


















